នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៤ ក្រោមប្រធានបទ "រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ ក្នុងសន្តិភាព" និងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ក្រោមប្រធានបទ "សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍" ក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពីគណៈកម្មាធិការអនុសាខា មន្ត្រីប្រតិបត្តិសាខា មន្ត្រីប្រចាំការអនុសាខា អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា និងគ្រួសាអ្នកផ្ទុកមេរោគអេដស៍ សរុបប្រមាណ ៣៣៣នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកកំពង់ត្រាច។
មានសំណេះសំណាលនាឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយសូមចូលរួមអបអរ និងកោតសរសើរចំពោះបងប្អូនអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែបានចូលរួមយ៉ាងសកម្មក្នុងសេវាកម្មមនុស្សធម៌ ដោយស្មារតីស្ម័គ្រចិត្តនិងទទួលខុសត្រូវ ក្នុងស្ថានភាពដែលបានជួបប្រទះផ្ទាល់តាមរយៈការផ្តល់សេវាសង្គ្រោះបឋមដល់ជនរងគ្រោះ ការអប់រំសុខភាពអនាម័យ និងការងារដែលមានប្រយោជន៍ដល់សហគមន៍ និងសាលារៀនជាដើម។លោកស្រីវេជ្ជបណ្ឌិតបានបន្តថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្តក្នុងការងារមនុស្សធម៌របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌។ សម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ការប្រារព្ធពិធីនេះ គឺក្នុងគោលបំណងលើកទឹកចិត្ត ជំរុញការលើកកម្ពស់សកម្មភាពមនុស្សធម៌ជូនចំពោះបងប្អូនអ្នកស្ម័គ្រចិត្ត និងក្មួយៗជាយុវជនកាកបាទក្រហមកម្ពុជា ដែលបានខិតខំបំពេញការងាររយៈពេល ១ឆ្នាំកន្លងមកនេះ ដូចទិសស្លោកដែលលើកឡើងថា “អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជាឆ្អឹងខ្នងរបស់សមាគមជាតិ” និង “យុវជនកាកបាទក្រហមកម្ពុជា ជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទជាវិជ្ជមានក្នុងសង្គម” ដោយផ្តោតលើគុណតម្លៃនៃការងារស្ម័គ្រចិត្ត ដែលជាឆ្អឹងខ្នងរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាក់ស្តែងកាកបាទក្រហមកម្ពុជា បានពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្ត ដែលជាកម្លាំងមិនអាចខ្វះបានក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់គ្រួសារងាយរងគ្រោះបំផុតបានទាន់ពេលវេលា និងគ្រប់ទីកន្លែង។
ក្នុងឱកាសនោះដែរ ដើម្បីជាការលើកទឹកចិត្ត សាខាបានផ្ដល់ជូននូវប័ណ្ណសរសើរដល់អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១៣៥នាក់ ដោយក្នុងម្នាក់ៗទទួលបានប័ណ្ណសរសើរ១ និងអមដោយថវិកា ៤ម៉ឺនរៀល។ ជាមួយគ្នានោះដែរ សាខាក៏បានផ្តល់អំណោយដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ចំនួន ១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ និងថវិកា ៤ម៉ឺនរៀលផងដែរ៕
0 Comments