Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការអភិវឌ្ឍលើវិស័យទេសចរណ៍ដើម្បីទាញផល់ប្រយោជន៍ជូនពលរដ្ឋគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧

អភិបាលខេត្តកំពតបានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចតែងតែដាក់ចុះនូវគោលនយោបាយ ក៏ដូចជាកិច្ចចង្អុលការដល់ខេត្តដែលមានសក្តានុពលផ្នែកទេសចរណ៍ ត្រូវអភិវឌ្ឍន៍កែច្នៃដើម្បីទាញយកផលប្រយោជន៍ជូនពលរដ្ឋក្នុងតំបន់។ ការនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ក្នុងដំណើរចុះពិនិត្យស្ថានភាពការរស់នៅរបស់បងប្អូនប្រជានេសាទ ក៏ដូចជាពិនិត្យទីតាំងសម្រាប់កែលម្អសោភ័ណភាពក្នុងសហគមន៍នេសាទចំនួន២ក្នុងក្រុងបូកគោ គឺសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោមកិច្ចចង្អុលការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានធ្វើការណែនាំ និងជំរុញដល់អាជ្ញាធរខេត្តដែលមានតំបន់ទេសចរណ៍ ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ កែច្នៃ តំបន់ទាំងនោះឱ្យកាន់តែសក្តានុពលបន្ថែមទៀត ដើម្បីស្រូបទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្ត ពិសេសទាញយកចំណូលជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ការចុះមកពិនិត្យជាក់ស្តែងនៅថ្ងៃនេះ គឺដើម្បីរៀបចំកែលម្អសោភ័ណភាព និងរៀបចំតំបន់សហគមន៍ទេសចរណ៍នេះឱ្យមានអនាម័យបរិស្ថានស្អាត របៀបរៀបរយ ដោយធ្វើយ៉ាងណាបង្កើនការស្រូបទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន ហើយកិច្ចការទាំងនេះក៏មានការចូលរួមចង្អុលបង្ហាញពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពតផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន ក៏បានរៀបចំរកទីតាំងថ្មីសម្រាប់សាងសង់លំនៅឋានជូនប្រជានេសាទចំនួន ១៣គ្រួសារ ដែលរស់នៅលើខ្នងប្រឡាយផ្លូវទឹកចូលទៅកាន់សហគមន៍ដើម្បីយកប្រឡាយនោះធ្វើជាកន្លែងសម្រាប់ទេសចរណ៍ជិះទូកលេងកម្សាន្ត និងធ្វើដំណើរចូលមកសហគមន៍តាមផ្លូវទឹកផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជានេសាទ អាជីវករ ត្រូវរួមសហការគ្នាក្នុងការថែរក្សាអនាម័យបរិស្ថាន ចេះស្រឡាញ់គ្នា ពិសេសថែរក្សាធនធានធម្មជាតិឱ្យបានល្អប្រសើរ។ ឯកឧត្តមអភិបាលខេត្តបានបន្ត កម្ពុជាក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ ប្រមុខដឹកនាំប្រទេសចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចទាំងទ្វេតែងតែដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឱ្យស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការសមចឱ្យបាននូវការប្រកា្លយជាប្រទសមានចំណូល មធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង























Post a Comment

0 Comments