ក្រោយទទួលបានសំណើរ និងសំណូមពរពីប្រជាពលរដ្ឋចំនួន ២៥គ្រួសារ រស់នៅក្នុងភូមិចំនួន២ គឺភូមិត្រពាំងគគីរ និងភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត ដែលរងផលប៉ះពាល់ពីការពង្រីកផ្លូវកាលពីពេលថ្មីៗនេះ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំអាជ្ញាធរមូលដ្ឋាន មន្ត្រីនៃមន្ទីរជំនាញ ចុះធ្វើការពិនិត្យជាក់ស្តែងនៅទីតាំងជាក់ស្តែងដែលប្រជាពលរដ្ឋថាមានផលប៉ះពាល់។ ក្នុងដំណើរចុះពិនិត្យផ្ទាល់នេះ គឺក្នុងគោលបំណងដើម្បីឱ្យបានឃើញច្បាស់ពីភាពជាក់ស្តែងនៃផលប៉ះពាល់តាមគ្រួសារនីមួយៗ និងដើម្បីស្វែងរកដំណោះស្រាយដោយធ្វើយ៉ាងណាកុំឱ្យមានការរាំងស្ទះដល់ការស្ថាបនាពង្រីកផ្លូវនេះ។
ក្រោយចុះពិនិត្យជាក់ស្តែង ឯកឧត្តមអភិបាលខេត្ត រួមនឹងអាជ្ញាធរ មន្ត្រីជំនាញពិនិត្យឃើញថា ការពង្រីកផ្លូវក្នុងភូមិទាំងពីរនេះមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់លំនៅឋានរបស់ប្រជាពលរដ្ឋនោះទេ គ្រាន់តែប៉ះពាល់ដល់របងផ្ទះ អណ្តូងទឹក និងផលដំណាំមួយចំនួនប៉ុណ្ណោះ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើពលរដ្ឋទាំងអស់ឱ្យមានការចូលរួមបរិច្ចាគនូវធនធានមួយចំនួនដែលរងផលប៉ះពាល់ពីការពង្រីកផ្លូវនេះ ហើយការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋនេះ គឺជាការរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល ហើយកាលណាមូលដ្ឋានភូមិឃុំរបស់យើងមានផ្លូវថ្នល់ល្អ ធំទូលាយ នោះមូលដ្ឋានយើងនិងមានការអភិវឌ្ឍជឿនលឿនឆាប់រហ័ស។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្រោយប្រទេសកម្ពុជាមានសុខសន្តិភាព រាជរដ្ឋាភិបាលក្រោមការដឹកនាំចាប់តាំងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតបន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចទាំងទ្វេតែងតែគិតគូរជានិច្ចនូវរាល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន មិនថានៅទីក្រុង ជនបទ ឬទីដាច់ស្រយាលនោះទេ គឺសម្តេចតែងតែជំរុញឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ពិសេសផ្លូវថ្នល់ ព្រោះផ្លូវថ្នល់គឺជាសរសៃឈាមនៃសេដ្ឋកិច្ចក្នុងតំបន់នីមួយៗ។ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានស្នើដល់ក្រុមហ៊ុនស្ថាបនាផ្លូវថ្នល់ ត្រូវពិនិត្យលទ្ធភាពក្នុងការដោះស្រាយសំណងផ្សេងៗជូនពលរដ្ឋដែលរងផលប៉ះពាល់ ហើយត្រូវស្រោចទឹកឱ្យបានញឹកញ៉ាប់កុំឱ្យមានដីហុយដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើផ្តាំផ្ញើដល់អាជ្ញាធរស្រុក ឃុំ ភូមិ ពិសេសអធិការស្រុក មេប៉ុស្តិ៍ ត្រូវគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនជាធំ ហើយត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើ៕
0 Comments