ការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត បានចាប់ផ្តើមដំណើរការប្រកួតហើយនៅរសៀលថ្ងៃទី១១ ខែធ្នូនេះ ក្រោមគណៈអធិបតី ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងលោកជំទាវ។ ការប្រកួតថ្ងៃទី១នេះមានពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងទឹកមុខសប្បាយរីករាយបំផុត។
ថ្លែងក្នុងពិធីបើកការប្រណាំងទូកចំនួន ១៤គូ នៅបរិវេណកីឡាលើកទឹក នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ថា ការប្រណាំងទូកនាពេលនេះធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យសមុទ្រផង និងដើម្បីលើកកម្ពស់កីឡាប្រណាំងទូកង ដែលជាប្រភេទកីឡាតំណរពីដូនតារបស់ខ្មែរផង ហើយក៏ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងខេត្តកំពតកាន់តែច្រើនបន្ថែមទៀត។ក្រុមយុវជនចូលរួមក្នុងពិធីប្រណាំងទូកងប្រពៃណីខ្នាតអន្តរជាតិថ្ងៃទី១នេះ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងកោតសរសើរចំពោះការរៀបចំរបស់រដ្ឋបាលខេត្តកំពត ពិសេសឯកឧត្តម ម៉ៅ ធនិន ដែលជាអភិបាលខេត្ត ដែលពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែធ្វើឱ្យខេ្តកំពតមានការអភិវឌ្ឍន៍ច្រើនឡើងៗ និងបានរៀបចំព្រឹត្តិការណ៍កាន់តែស្អាត និងទាក់ទាញទេសចរខ្លាំង។
ចំណែកភ្ញៀវបរទេស លោក លី មកពីរដ្ឋ Georgia សហរដ្ឋអាមេរិច ដែលមានភរិយានិងរស់នៅខេត្តកំពត បានរយៈពេល ៦ខែមកហើយ លោកបានបង្ហាញការមើលឃើញថា ៦ខែចុងក្រោយនេះ ខេត្តកំពតមានការអភិវឌ្ឍន៍ច្រើន ភ្ញៀវទេសចរក៏មកលេងច្រើនតាំងពីព្រះរាជពិធីបុណ្យអុំទូក រហូតមកដល់បុណ្យសមុទ្រ ដែលមានការប្រណាំងទូកគួរឱ្យចាប់អារម្មណ៍ ហើយការរៀបចំបានល្អ ទាំងទីតាំង និងលក្ខណៈបច្ចេកទេសនៃការប្រកួតលំដាប់ពិភពលោកតែម្តង។
ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត លោក សូ ភារិទ្ធ បានបញ្ជាក់ថា ការប្រណាំងទូកត្រូវធ្វើឡើងរយៈពេល ២ថ្ងៃ ថ្ងៃទី១ប្រកួតតាមរូបមន្តជម្រុះ ២ជើង ដោយប្តូរខ្សែទឹក យកអ្នកឈ្នះឡើងទៅបន្តនៅថ្ងៃស្អែកចំនួន ១៦ទូក ស្មើនឹង ៨គូ ហើយនៅរសៀលថ្ងៃទី២ ការប្រកួតតាមរូបមន្តជម្រុះ ១ភាគ៨ និងឈានទៅដល់វគ្គផ្តាច់ព្រាត់រកចំណាត់ថ្នាក់ជើងឯកប្រចាំឆ្នាំ២០២៤ ចាប់ពីចំណាត់ថ្នាក់លេខ១ ដល់ចំណាត់ថ្នាក់លេខ៣៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments