Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតលើកទឹកចិត្តដល់យោធិនទើបជ្រើសរើសថ្មីឱ្យខិតខំស្រូបយកចំណេះជំនាញបទពិសោធន៍ដើម្បីយកមកបំពេញតួនាទីខ្លួនបំរើពលរដ្ឋ និងប្រទេសជាតិ


អភិបាលខេត្តកំពតបានលើកទឹកចិត្តដល់យោធិន នៃកងរាជអាវុធហត្ថដែលទើបនឹងត្រូវបានជ្រើសរើសថ្មីចំនួន ៤១រូប ហើយត្រូវទៅហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ឱ្យខិតខំតស៊ូព្យាយាមសិក្សារៀនសូត្រ ដើម្បីស្រូបយកចំណេះដឹង ជំនាញ បច្ចេកទេស និងបទពិសោធន៍ ដើម្បីមានមូលដ្ឋានក្នុងការពេញតួនាទីរបស់ខ្លួនពេលត្រឡប់មកវិញ។ ពិសេសត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាពក្នុងការសងគុណទឹកដីកំណើត ដឹងគុណដល់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន។

ថ្លែងក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីទាំង ៤១រូប ទៅហ្វឹកហាត់នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា កងកម្លាំងទាំងអស់គឺមានតួនាទីសំខាន់ណាស់ ក្នុងការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អធិបតេយ្យភាព និងឯកភាពទឹកដី ជួយជ្រោងដល់ការអភិវឌ្ឍន៍សង្គមជាតិ និងផ្តល់ភាពសុខសាន្តដល់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹក ក៏ដូចជាជំរុញឱ្យយោធិនដែលទើបជ្រើសរើសថ្មីទាំងអស់ ហើយត្រូវបានបញ្ជូនទៅហ្វឹកហាត់នាពេលនេះ ត្រូវខិតខំតស៊ូព្យាយាមសិក្សារៀនសូត្រដើម្បីស្រូបយកចំណេះដឹង ជំនាញ បច្ចេកទេស និងបទពិសោធន៍ពីគ្រូឧទ្ទេសក្នុងពេលហ្វឹកហាត់ ដើម្បីមានមូលដ្ឋានក្នុងការពេញតួនាទីរបស់ខ្លួន បំរើប្រជាពលរដ្ឋ និងការពារទឹកដីកំណើត ការពារជាតិមាតុភូមិពេលត្រឡប់មកវិញ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងនាមកងកម្លាំងយើងត្រូវមានការគោរពវិន័យ បទបញ្ជា ក្រមសីលធម៌កងទ័ព ឱ្យបានមុះមត ពិសេសត្រូវបណ្តុះស្មារតីស្នេហាជាតិ សាសនា ព្រះមហាក្សត្រ  ការពារប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បានសម្តែងសេចក្តីរីករាយ និងសាទរជាមួយគ្រួសាររបស់យោធិនទាំង ៤១នាក់ ដែលទើបប្រឡងជាប់ជាស្ថាពរ ហើយត្រូវបញ្ជូនទៅហ្វឹកហាត់នាពេលនេះ និងបានផ្តាំផ្ញើដល់យោធិនទាំងអស់ឱ្យយកចិត្តទុកដាក់ខិតខំហ្វឹកហាត់ឱ្យបានល្អប្រសើរ ព្រោះវគ្គហ្វឹកហ្វឺននេះ ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កម្លាំងកងរាជអាវុធហត្ថ ក្នុងការយកមកបំពេញភារកិច្ចតួនាទី ការពារសន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាការពារមាតុភូមិទាំងមូល។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានឧបត្ថម្ភថវិកាដល់យោធិនទាំង ៤១នាក់ ដែលត្រូវទៅហ្វឹកហាត់ ក្នុងម្នាក់ៗថវិកា ៤០ម៉ឺនរៀល ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានផ្តល់ជូននូវសម្ភារៈដូចជា អាវរងារមួយ ក្រមារមួយ និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ ដើម្បីលើកទឹកចិត្តដល់យោធិនទាំងអស់ឱ្យទទួលបានលទ្ធផលល្អក្នុងការហ្វឹកហាត់ទាំងលើទ្រឹស្តី និងការអនុវត្ត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

























Post a Comment

0 Comments