Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រយៈពេលបីឆ្នាំចុងក្រោយបណ្ណកម្មសិទ្ធិជាង ១១ម៉ឺនបណ្ណបានប្រគល់ជូនដល់ដៃពលរដ្ឋក្នុងខេត្តកំពត

នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិអន្ទងបែក និងភូមិបរក្នុង ស្ថិតក្នុងឃុំអង្គរមាស និងប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ចីដីធ្លីមានលក្ខណ:ជាប្រពន្ធ ចំនួន៣ភូមិ គឺភូមិត្រពាំងរាំង ភូមិស្នោតូច និងភូមិពន្លៃ ស្ថិតក្នុងឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ដែលពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណវត្តសិរីជ័យមានលក្ខណ៍។

លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន លោកបានយកចិត្តទុកដាក់ និងជម្រុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួន ២៦៨ ២៧២ក្បាលដី ដែលក្នុងនោះឯកឧត្តមអភិបាលខេត្តបានចុះចែកបណ្ណដោយផ្ទាល់ជូនពលរដ្ឋបានចំនួន ១១០ ៦១១បណ្ណ ក្នុងនោះក៏មានបណ្ណដែលនៅសេសសល់ពីបទបញ្ចា ០១បប ចំនួន ៤២ ០២៤បណ្ណផងដែរ។ លោកប្រធានមន្ទីរបានបន្តថា ខេត្តកំពតមាន ៩ក្រុង-ស្រុក ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ មានផ្ទែដីសរុប ៤ ៨៧៣គីឡូម៉ែត្រការ៉េ និងមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨០០ ០០០ក្បាលដី ហើយជាលទ្ធផលគិតចាប់តាំងពីពេលចាប់ផ្ដើមរហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញបណ្ណជូនពលរដ្ឋបានចំនួន ៣៧៦ភូមិ ស្មើនឹង ៥៨៨ ៧២៣បណ្ណ ស្មើនឹង ៧៣,៥៩%។  លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ចំពោះក្បាលដីដែលមន្ទីរប្រមូលទិន្នន័យរួចរាល់មានចំនួន ១៥៧ ៦៦១ក្បាលដី (ស្មើនឹង ១៩,៧១%) កំពុងសម្អាតទិន្នន័យ ដែលគ្រោងនឹងចែកបណ្ណជាបន្តបន្ទាប់ក្នុងពេលឆាប់ៗនេះ។ ចំពោះភូមិដែលនៅសល់មិនទាន់ប្រកាសតំបន់វិនិច្ឆ័យ ហើយកំពុងធ្វើការវាស់វែងមានចំនួន ២៤ភូមិ ស្មើនឹង ៥៣ ៦០០ក្បាលដី ស្មើនឹង ៦,៧%ប៉ុណ្ណោះ ហើយផែនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបញ្ចប់ទាំងស្រុង ១០០% នៅដំណាច់ឆ្នាំ២០២៥។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា នៅពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានបទបញ្ចាក៏ដូចជាកិច្ចចង្អុលការផ្ទាល់យ៉ាងម៉ឺងម៉ាត់បំផុត ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរ គណៈកម្មការគ្រប់គ្រងដីរដ្ឋ គណៈកម្មការសុរិយោដី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណាពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានលឿនបំផុត។ ឯកឧត្តមអភិបាលខេត្តបានបន្តថា បទបញ្ជានេះគឺជាការគិតគូរមួយដ៏ធំធេងណាស់សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយឯកឧត្តមក៏សូមកោតសរសើដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំសហការគ្នា ដើម្បីចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានល្អប្រសើរដូចពេលនេះ និងពេលកន្លងមក។

សូមបញ្ចាក់ថា ការចែកបណ្ណក្នុងថ្ងៃនេះមាន ២ភូមិ គឺភូមិអន្ទងបែក និងភូមិបរក្នុង ស្ថិតក្នុងឃុំអង្គ.រមាស សរុបមានចំនួន ៣ ៦១៨បណ្ណ ហើយបានធ្វើការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៣ភូមិ គឺភូមិត្រពាំងរាំង ភូមិស្នោតូច និងភូមិពន្លៃ ស្ថិតក្នុងឃុំអង្គ.រមាស ស្រុកដងទង់ ដែលមានក្បាល់ដីសរុបចំនួន ៥ ៤៨៥ក្បាលដី៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

















Post a Comment

0 Comments