Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរនិងមន្ត្រីជំនាញត្រូវពង្រីកនិងពង្រឹងគុណភាពសេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព

ថ្លែងនៅក្នុងពីធីប្រកាសតែងតាំង លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តកំពត ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វិស័យសុខាភិបាលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល ដោយបានដាក់វិស័យនេះជាអាទិភាពទី១ នៅក្នុងកម្មវិធីអនុវត្តគោលនយោបាយអាទិភាពទាំង៦ គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺនៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។ ដើម្បីជាការឆ្លើយតប ក្រសួងសុខាភិបាលបានដាក់ចុះនូវយន្តការស្នូលចំនួន២ ទី១. កម្មវិធីមូលនិធិសមធម៌សម្រាប់ប្រជាពលេរដ្ឋក្រីក្រ និងការពង្រីករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋស្វ័យនិយោជ និងអ្នកនៅក្នុងបន្ទុកសមាជិករបបសន្តិសុខសង្គម និងទី២.ការលើកកម្ពស់គុណភាពសេវាសុខាភិបាល។

ឯកឧត្តមបានបន្តថា បន្ថែមពីនេះ ក្រសួងក៏បានដាក់ចេញនូវវិធានការអនុវត្តសំខាន់ៗចំនួន៣ទៀត ទី១.ការពង្រីកសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរបង្អែក,  ទី២.ការអភិវឌ្ឍន៍សមត្ថភាពស្ថានប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងទី៣.ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន។ ហើយដើម្បីសម្រេចទៅបាន សូមអាជ្ញាធរ មន្ត្រីសុខាភិបាលខេត្ត និងអ្នកពាក់ព័ន្ធត្រូវរួមសហការ និងយកចិត្តទុកដាក់ អនុវត្តប្រកបដោយស្មារតីបុរេសកម្ម ក្នុងការកែលម្អគុណភាព ការពង្រីកការគ្រប់ដណ្តប់នៃសេវាថែទាំសុខភាពឋឱ្យកាន់តែល្អប្រសើរ ជាពិសេសការផ្តល់សេវាថែទាំសុខភាពបឋម ផ្តោតលើកការអប់រំសុខភាពជាដើម ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋជឿទុកចិត្តលើប្រព័ន្ធសុខាភិបាល ថាពិតជាទទួលបាននូវ គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពតមានមន្ទីរពេទ្យបង្អែកចំនួន៥ ការិយាល័យស្រុកប្រតិបត្តិចំនួន៤ មណ្ឌល់សុខភាពចំនួន៦៦ ប៉ុស្តិសុខភាពចំនួន៣ ដែលមានបុគ្គលិកសរុចចំនួន ១ ៣៤៧នាក់។ លទ្ធផលការងារក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤នេះមាន៖ ពិគ្រោះជំងឹករណីថ្មីបានចំនួន ២២៩ ៧៨៤ករណី អ្នកជំងឺចូលសម្រាកពេទ្យចំនួន ១៦ ៧៩៤ករណី ការចាក់វ៉ាក់សាំងបង្ការគ្រប់មុខចំពោះកុមារអាយុ១ឆ្នាំ ចំនួន ៩ ៩៧៩ករណី ការពិនិត្យរោគស្ត្រីចំនួន ៨៨៩ករណី ការសម្រាលកូននៅមូលដ្ឋានសុខាភិបាលសាធារណៈ ចំនួន ៧ ៩៦៧ករណី ចំនួនស្ត្រីសម្រាលកូនដោយវះកាត់ ៥៩២នាក់ ចំនួនស្ត្រីមានផ្ទៃពោះបានធ្វើតេស្តរកមេរោគអេដស៍ ៦ ៧៧៤នាក់ ស្រាវជ្រាវរកអ្នកមានជំងឺរបេងប្រភេទថ្មី បេកា (វិជ្ជមាន) ៣៤០នាក់ អ្នកជំងឺគ្រុនឈាមទទួលបានការព្យាបាលចំនួន ៧៩៧នាក់ មូលនិធិសមធម៌បង់ថ្លៃសេវា ថែទាំព្យាបាលជំនួសជូនប្រជាពរដ្ឋក្រីក្របានចំនួន ៥៥ ២៣៣នាក់៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ វង្សសុធារម្យ





















Post a Comment

0 Comments