នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តកំពត បាននាំយកអំណោយទៅចែកជូនចាស់ជរា សិស្សានុសិស្ស និងស្រ្តីក្រីក្រងាយរងគ្រោះ ចំនួន ៣៥៧នាក់ ដែលរស់នៅក្នុងភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវប្រធានកិត្តិយសសមាគម បានសំដែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតជូនចំពោះ លោកតា លោកយាយ អ៊ុំពូមីង ទាំង ១៤៥គ្រួសារ និងលោកគ្រូ អ្នកគ្រូ កូនក្មួយសិស្សានុសិស្សនៃសាលាបឋមសិក្សាតេជោពង្រក ទាំង ២១២នាក់នាពេលនេះ ដែលជានិច្ចជាកាលឯកឧត្តមអភិបាលខេត្តតែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
ជាមួយគ្នានេះដែរ លោកជំទាវប្រធានកិត្តិយសសមាគម ក៏បានបង្ហាញពីគម្រោងកសាងកន្លែងកម្សាន្តជាច្រើនទៀតរបស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ដើម្បីស្រូបទាញភ្ញៀវទេសចរឱ្យមកលេងកាន់តែច្រើន ហើយនៅតំបន់ទេសចរណ៍ទាំងអស់នោះគឺបានផ្តល់ផលប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់មានឱកាសប្រកបរបររកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។ លោកជំទាវបានបន្តថា នៅចុងឆ្នាំ២០២៤ នេះ ខេត្តកំពតនិងជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៣-១៤-១៥ ខែធ្នូ ខាងមុខនេះ ហើយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ និងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងតំបន់ទេសចរណ៍របស់ខេត្តកំពតទៅកាន់ពិភពលោក ហើយក៏នឹងជួយស្រូបទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមកលេងកម្សាន្តខេត្តកាន់តែច្រើន ដែលអាចធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរឡើង តាមរយៈវិស័យទេសចរណ៍។អំណោយដែលបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ១៤៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១០គីឡូក្រាម មី១ កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកដោះគោឆៅ ១ឡូ និងថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺផ្តាសាយ ឈឺក្បាល ចុកពោះ រាគ ក្អក មួយមុខ ១បន្ទះ ថ្នាំវិតាមីន ៥បន្ទះ និងថ្នាំសម្រាប់ពិសារក្រោយពេលកោសខ្យល់រួចចំនួន១ដប និងថវិកាចំនួន ៥ម៉ឺនរៀល ។ ចំណែកក្មួយៗសិស្សានុសិស្សសរុបចំនួន ២១២នាក់ ក្នុងម្នាក់ៗទទួលបាន៖ សំលៀកបំពាក់សិស្សសាលា ១ឈុត កាតាបស្ពាយក្រោយ១ ព្រមទាំងមានសៀវភៅ ប៊ិច ខ្មៅដៃ និងច្រាសដុះធ្មេញម្នាក់១ដើមផងដែរ៕
0 Comments