ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពតបានក្រើនរម្លឹកដល់ក្រុមយុវជន និងអ្នកជំនាន់ក្រោយត្រូវចងចាំនូវស្មារតីទិវាឯករាជ្យជាតិក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះបរមរតនកោដ្ឋក្នុងការស្រោចស្រង់ជាតិមាតុភូមិឱ្យរួចផុតពីអាណានិគមបរទេស។
នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរមណីយដ្ឋានស្រះឈូក រដ្ឋបាលខេត្តកំពត បានប្រារព្ធអនុស្សាវរីយខួបលើកទី៧១ ទិវាឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។ រម្លឹកឱ្យដឹងក្នុងពិធីខាងលើ ឯកឧត្ដម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពតបានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានធ្លាក់ក្រោមអាណាព្យាបាលបារាំងនាឆ្នាំ១៨៦៣។ ដោយមិនអាចស៊ូទ្រាំក្នុងនាមប្រទេសស្ថិតនៅជាអាណានិគមនិយម សម្តេចព្រះបាទ នរោត្តម សីហនុ ក៏ទាមទារបានឯករាជ្យពេញបរិបូរណ៍ពីនឹមត្រួតត្រារបស់បារាំងនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោយតស៊ូ លះបង់ព្រះកាយពលអស់ជាច្រើនឆ្នាំ។ គ្រានោះ ប្រជារាស្ត្រកម្ពុជាបានថ្វាយព្រះកិត្តិនាមព្រះអង្គជា “ព្រះមហាវីរបុរសជាតិ-ព្រះបិតាឯករាជ្យជាតិ”។លោកអភិបាលរងខេត្តបានបញ្ជាក់ថា អំឡុងពេលស្ថិតក្រោមរបបអាណានិគម ពោលគឺក្នុងឆ្នាំ១៩៤៧ សម្តេចព្រះបាទ នរោត្តម សីហនុ ក៏បានបំពេញព្រះរាជបូជនីយកិច្ចដោយទាមទារឯករាជ្យពីបារាំងក្នុងការតម្រូវឱ្យប្រទេសថៃសងមកកម្ពុជាវិញជាដាច់ខាតនូវខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង ដែលបានបាត់បង់ក្នុងសង្គ្រាមលោកលើកទី២។ ដូច្នេះ ប្អូនៗជាយុវជន និងក្មួយៗជំនាន់ក្រោយត្រូវចងចាំជានិច្ចនូវស្មារតីនៃទិវាឯករាជ្យជាតិ៩ វិច្ឆិកា ពិសេសគុណូបការ:ដ៏មហាធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋសម្រាប់បុព្វហេតុជាតិមាតុភូមិ។
ក្រុមយុវជនដែលបានចូលរួមក្នងពិធីរម្លឹកខួបនៃទិវាឯករាជ្យជាតិបានបញ្ជាក់ថា ថ្ងៃទី៩ ខែវិច្ឆិកា កាលពី៧១ឆ្នាំមុន ជាទិវាប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅដែលកូនខ្មែរគ្រប់រូបត្រូវតែងចងចាំមិនអាចបំភ្លេចបាន។ ប្រសិនបើមិនបានរួចផុតពីអាណានិគមបរទេសទេ នោះប្រទេសជាតិនឹងមិនអាចអភិវឌ្ឍនូវអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្ននេះឡើយ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments