Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ក្រសួងទេសចរណ៍ថាការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ សម្រេចបានរង្វង់៤៥%

យោងតាមស្មារតីកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត បានបញ្ជាក់ ថាគ្រប់អនុគណៈកម្មការទាំងអស់អនុវត្តការងាររបស់ខ្លួនសម្រេចបានរង្វង់៤៥%ហើយ ខណៈដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឲ្យគ្រប់អនុគណៈកម្មការត្រូវពន្លឿនការងាររៀបចំឲ្យរួចរាល់ទាន់ពេលវេលា និងមានភាពទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ។

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅខេត្តកំពត មានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ ក្រោមគណៈអធិបតីរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាំវ លោក លោកស្រីនៃអនុគណៈកម្មការទាំងអស់ផងដែរ។

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា អនុគណៈកម្មការនីមួយៗ បានខិតខំបំពេញការងារបានល្អ ដើម្បីធ្វើឲ្យព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះ មានភាពសំបូរបែប និងទាក់ទាញជាងឆ្នាំមុនៗ។ ហើយក្នុងនោះ ការងារខ្លឹមសារ ការផ្សព្វផ្សាយ ការងាររៀបចំស្តង់ពិព័រណ៍បុណ្យសមុទ្រ សិល្បៈតន្ត្រី កីឡា សន្តិសុខសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជាដើម បានត្រៀមរៀបចំផែនការរួចរាល់ និងអនុវត្តបាន ប្រមាណរង្វង់៤៥%ហើយ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក កន្លងទៅនេះ ជាមោទនភាពជាតិមួយ ដែលកម្ពុជារៀបចំបានល្អទាំងសោភ័ណភាព សុវត្ថិភាព និងភាពសប្បាយរីករាយ ហើយនៅក្នុងរយៈពេល៣ថ្ងៃ មានទេសចរទស្សនាកម្សាន្តប្រមាណជិត៨លាននាក់ ក្នុងនោះទេសចរអន្តរជាតិ ៨៩ ២៩៦នាក់ ។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៣ ដល់១៥ខែធ្នូ ឯកឧត្តមរដ្ឋមន្ត្រីថានឹងរៀបចំឲ្យចេញជាលក្ខណៈចម្រុះជាតិសាសន៍ ទាំងអ្នកចូលរួម ស្តង់ពិព័រណ៍ និងផ្ទាំងទស្សនីយភាពសិល្បៈផ្សេងជាដើម ដើម្បីបន្តផ្សព្វផ្សាយកម្ពុជាទៅឆាកអន្តរជាតិមួយកម្រិតបន្ថែមទៀត។ ដូច្នេះអនុគណៈកម្មការទាំងអស់ ត្រូវពន្លឿនការងាររបស់ខ្លួន ឲ្យបានរួចរាល់ឆាប់រហ័សទាន់ពេលវេលាកំណត់។  

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា សម្រាប់អាជ្ញាធរ ខេត្តបានរៀបចំតុបតែងលម្អក្រុងរួចរាល់អស់ហើយ រង់ចាំតែការណែនាំដើម្បីដំឡើងខ្លោងទ្វារស្វាគមន៍ចំនួន៣ នៅលើផ្លូវជាតិចូលក្រុងកំពត ពីខាងខេត្តព្រះសីហនុ១ កែប១ និងពីភ្នំពេញ១ ប៉ុណ្ណោះ។

បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា ពេលវេលារៀបចំបុណ្យសមុទ្រនៅរក្សាដដែល ប៉ុន្តែកម្មវិធីបើកជាផ្លូវការនឹងត្រូវធ្វើឡើង ថ្ងៃទី១៣ ខែធ្នូវិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត។ ហើយកិច្ចប្រជុំដូចគ្នានេះនឹងធ្វើឡើងចុងក្រោយម្តងទៀត នៅថ្ងៃទី៥ ខែធ្នូខាងមុខ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង





















Post a Comment

0 Comments