ការងារវាស់វែង និងផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុជាចំណែកមួយដ៏សំខាន់ដើម្បីបង្ការទប់ស្កាត់ការកើតឡើងនូវវិវាទផ្តើមចេញពីបញ្ហាដីធ្លី។ នេះបើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត។
ថ្លែងក្នុងពិធីខាងលើ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា បច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជំរុញការចុះបញ្ជីដីធ្លីដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋដែលជាការទទួលស្គាល់ និងផ្តល់នូវសុវត្ថិភាពការកាន់កាប់អចលនទ្រព្យតាមផ្លូវច្បាប់។ មកដល់ពេលនេះ ការចុះវាស់វែងដីធ្លីបន្ថែមនៅទូទាំងប្រទេសសម្រេចបានជិត ៨លានក្បាលដីហើយ ពោលគឺនៅប្រមាណ ១លានក្បាលដីទៀតនឹងបញ្ចប់ការងារទាំងស្រុង។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ការវាស់វែង និងផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុជាចំណែកមួយដ៏សំខាន់ក្នុងការបញ្ចៀស និងទប់ស្កាត់ជម្លោះដែលផ្តើមឡើងដោយបញ្ហាដីធ្លី។ តាមការកត់សម្គាល់ វិវាទផ្តើមឡើងដោយដីធ្លីដ៏រ៉ាំរ៉ៃយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងខេត្តកំពតត្រូវបានដោះស្រាយបញ្ចប់ក្រោមគំនិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ឯកឧត្តម ម៉ៅ ធនិន ក្នុងតំណែងជាអភិបាលខេត្ត។ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានធ្វើការជំរុញមន្ត្រីជំនាញត្រូវបន្តចុះវាស់វែងដីធ្លីដើម្បីផ្តល់បណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានលឿន និងរហ័ស ក្នុងគោលបំណងដើម្បីកាត់បន្ថយជម្លោះឱ្យមកនៅកម្រិតអប្បបរមា។ ហើយនោះក៏ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលដែលបានជំរុញដល់គ្រប់រាជធានី-ខេត្ត ត្រូវពន្លឿនការវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានរួចរាល់ត្រឹមអាណត្តិទី៧នេះ។
ឯឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា តាមរយ:វេទិកាសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការដែលរៀបចំឡើងដោយរដ្ឋបាលខេត្តឃើញថា ក្នុងចំណោមជម្លោះទាំងអស់ គឺកម្រិតភាគរយអតិបរមាផ្តើមឡើងពីបញ្ហាដីធ្លី។ មកដល់ពេលនេះ រដ្ឋបាលខេត្តបានដោះស្រាយបញ្ចប់វិវាទចំនួន ២.៨៧៥ករណី ក្នុងនោះជម្លោះពាក់ព័ន្ធនឹងដីធ្លីមាន ២.៥៣៧ ករណី ស្មើនឹង ៨៨,២៤ភាគរយ។ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្ថែមថា បញ្ហាតំណែង និងតួនាទីជារបស់ក្រៅខ្លួនដែលបានកំណត់លើក្រដាសតែប៉ុណ្ណោះ ហើយអ្វីដែលមានតម្លៃគឺការយកតួនាទីទៅបម្រើប្រជាជន និងប្រទេសជាតិដោយសុឆន្ទៈ ដូច្នេះ មន្ត្រីជំនាញទាំងអស់ត្រូវបំពេញការងារឱ្យបានច្បាស់លាស់ដើម្បីកាត់បន្ថយជម្លោះនៅទូទាំងខេត្ត ក៏ដូចជាក្នុងសង្គមទាំងមូល។
សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ ១១១៣.អនក្រ.តត ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានតែងតាំងលោក ព្រាប សុផាត ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣នៃក្របខណ្ឌគ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ជំនួសលោក ដាញ់ សារី ដែលទទួលភារកិច្ចថ្មី៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments