Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតប្រាប់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធដែលមានភារកិច្ចរៀបចំបុណ្យសមុទ្រត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយកុំមានការធ្វេសប្រហែសមើលរំលងរឿងកំប៉ិចកំប៉ុក

អភិបាលខេត្តកំពតបានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី១១ របស់អនុគណៈកម្មការនីមួយៗរបស់ខេត្ត បានត្រៀមស្ទើររួចរាល់ហើយ ទាំងការងារសោភ័ណភាព អនាម័យ  សន្តិសុខសណ្តាប់ធ្នាប់ជាដើម ប៉ុន្តែឯកឧត្តមបានក្រើនរំលឹកដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធដែលាមានតួនាទីភារកិច្ចត្រូវគិតគូរឱ្យគ្រប់ជ្រុងជ្រោយ កុំធ្វេសប្រហែសចំពោះរឿងកំប៉ិកកំប៉ុក ដែលវាអាចជះឥទ្ធិពលអាក្រក់ដល់ខេត្ត។

មានមតិបូកសរុបក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខេត្តក្នុងការរៀបចំបុណ្យសមុទ្រលើកទី១១  នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រុមការងាររបស់អនុគណៈកម្មការនីមួយៗរបស់ខេត្ត បានខិតខំត្រៀមរៀបចំការងាររបស់ខ្លួនស្ទើររួចរាល់អស់ហើយ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយស្មារតីនៃការរួមសាមគ្គីគ្នារបស់អាជ្ញាធរ មន្ត្រីជំនាញ កងកម្លាំង ប្រជាពលរដ្ឋ និងវិស័យឯកជនផងនោះ នឹងធ្វើឱ្យបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពតខាងមុខនេះ ពោពេញដោយភាពសប្បាយរីករាយ និងភាពទាកទាញខ្លាំងបំផុត។

ប៉ុន្តែដើម្បីជាគំរូ ទាំងលើផ្នែកទិដ្ឋភាព សោភ័ណភាព ខ្លឹមសារ វប្បធម៌ អរីយធម៌ ប្រពៃណីដ៏ថ្លៃថ្នូររបស់ជនជាតិខ្មែរផងនោះ ឯកឧត្តមអភិបាលបានស្នើដល់អាជ្ញាធរ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់សូមបង្កើនការយកចិត្តទុកដាក់លើការងារកំប៉ិចកំប៉ុកមួយចំនួន ដែលវាអាចនឹងជះឥទ្ធិពលអាក្រក់ដល់ខេត្តនិងសង្គម ពិសេសពិធីបុណ្យសមុទ្រទាំងមូល មានដូចជាការតម្លើងថ្លៃបន្ទប់ និងថ្លៃម្ហូបអាហារ, ការក្លែងបន្លំផលិតផល ការដាក់លក់ផលិតផលគ្មានគុណភាព, ការប្រើប្រាស់ជញ្ជីងមិនគ្រប់គីឡូ ការយកថ្លៃបន្ទប់ទឹក ឬថ្លៃផ្ញើម៉ូតូ រថយន្តមានតម្លៃខ្ពស់ជាដើម ហើយឯកឧត្តមអភិបាលខេត្តក៏បានស្នើសុំកុំឱ្យមានការលេចលឺររឿងទាំងនេះ ទាំងនៅមុនពេល អំឡុងពេល និងក្រោយពេលចប់ពីធីបុណ្យសមុទ្រ។

សូមបញ្ជាក់ថា មុនចូលដល់ថ្ងៃរៀបចំពិធីបុណ្យសមុទ្រ រដ្ឋបាលខេត្តកំពតក៏មានរៀបចំពិធីប្រណាំងទូកង ខ្នាតប្រពៃណី ចំនួន ១៣គូផងដែរ ដែលនឹងធ្វើឡើងនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៤ ខណៈដែលពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ និងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ហើយកម្មវិធីបើកជាផ្លូវការ នៃពិធីបុណ្យសមុទ្រនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង


























Post a Comment

0 Comments