Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋជាង១០០គ្រួសារ និងសិស្សានុសិស្សជាង២០០នាក់ក្នុងស្រុកឈូកទទួលបានកញ្ចប់សម្ភារ “ចាស់អ្នកថ្មីខ្ញុំ” ពីសមាគមន៍កាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពតបាននាំយកកញ្ចប់សម្ភារ “ចាស់អ្នកថ្មីខ្ញុំ” ទៅចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ចំនួន ១៤៥គ្រួសារ និងសិស្សានុសិស្សសាលាបឋមសិក្សាតេជោពង្រក ចំនួន ២១២នាក់ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ។

មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានសំដែងក្តីរំភើបរីករាយ និងបានពាំនាំការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនចំពោះ បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយសិស្សានុសិស្ស ដែលបានចូលរួមក្នុងពិធីចែកកញ្ចប់ “ចាស់អ្នកថ្មីខ្ញុំ” ពីសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតនាពេលនេះ។ លោកជំទាវប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា លោកជំទាវតែងតែបានផ្តល់នូវអនុសាសន៍ដឹកនាំល្អល្អ សំរាប់ដំណើរការយុទ្ធនាការ “ចាស់អ្នកថ្មីខ្ញុំ” ដើម្បីចែកជូនសំលៀកបំពាក់ និងសម្ភារដែលសាខាខេត្តកំពតទទួលបានពីធុងសប្បុរសធម៌ “ចាស់អ្នកថ្មីខ្ញុំ” ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ។

លោកជំទាវប្រធានក្រុមប្រឹក្សាសមាគមបានបន្តថា គោលបំណងរបស់យុទ្ធនាការ “ចាស់អ្នកថ្មីខ្ញុំ” គឺមានគោលបំណងចំនួន៤៖ ទី១.គឺដើម្បីជួយដល់សង្គម ដោយធ្វើការបរិច្ចាគសម្ភារៈដែលប្រើប្រាស់រួច តែ នៅមានគុណភាពល្អ បន្តទៅដល់អ្នកខ្សត់ខ្សោយដែលមានតម្រូវការ។ ទី២.គឺដើម្បីបំផុសការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋខ្មែរ ខ្មែរដើម្បីខ្មែរ ខ្មែរជួយខ្មែរ ខ្មែរ ស្រលាញ់ខ្មែរ ក្នុងការជួយដល់អ្នកដែលខ្វះខាត ដើម្បីសង្គមជាតិយើងកាន់តែមានភាពប្រសើរ។ ទី៣.ដើម្បីជួយដល់បរិស្ថាន ដោយកាត់បន្ថយការបោះចោលសំរាមនៅទីលានចាក់សំរាម ខណៈដែលសម្ភារៈទាំងនោះនៅមានគុណភាពល្អអាចប្រើប្រាស់បន្តបាន និងអាចជួយដល់បរិស្ថាន នៅតាមគេហដ្ឋានរបស់សប្បុរជនដែលបានចូលរួម។ និងទី៤.គឺជួយដល់សេដ្ឋកិច្ចជាតិក្នុងការកែច្នៃកាកសំណល់ និងការពង្រីកទីលានចាក់សំរាម ជួយដល់អ្នកដែលខ្វះខាតដោយពុំចាំបាច់ចំណាយថវិកាទិញសម្ភារៈថ្មី។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតទទួលបានសំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់ចំនួន១០បាវ និងបានធ្វើការចែកជូនលើកទី១ ដល់ឳពុកម្ដាយកូនភ្លោះ៣ដែលជួបប្រទះការខ្វះខាតជាចាំបាច់ត្រូវការជំនួយបន្ទាន់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ ដោយទទួលបានសំលៀកបំពាក់២កាបូបយួរដៃ និងថវិកាមួយចំនួនទៀតដើម្បីជួយសម្រាលជីវភាព។ ហើយថ្ងៃនេះដែរ គឺជាយុទ្ធនាការ “ចាស់អ្នកថ្មីខ្ញុំ” សាខាសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានធ្វើការចែកជូនសម្ភារដែលទទួលបានទាំងអស់ជូនដល់ចាស់ជរា ស្ត្រីក្រីក្រងាយរងគ្រោះ និងសិស្សានុសិស្ស នៅក្នុងភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ដែលមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ ស្របទៅតាមគោលបំណងនិងការរំពឹងទុករបស់យុទ្ធនាការ “ចាស់អ្នកថ្មីខ្ញុំ” របស់សមាគមកាយឫទ្ធិនារីកម្ពុជា៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
























Post a Comment

0 Comments