ថ្លែងក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ជំនៈឧបសគ្គ ដោះស្រាយបញ្ហាទឹកនោមផ្អែម និងសុខមាលភាព” កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា បច្ចុប្បន្ន អង្គការសុខភាពពិភពលោកបានរំលេចចេញនូវជំងឺមិនឆ្លងដែលប្រឈមខ្ពស់ចំនួន៤ ក្នុងនោះមាន ទី១.ជំងឺទឹកនោមផ្អែម, ទី២.ជំងឺបេះដូង និងសរសៃឈាម, ទី៣.ជំងឺមហារីក និងទី៤.គឺជំងឺត្បៀតទងសួតរាំរ៉ៃ។ ឯកឧត្តមរដ្ឋលេខាធិកាបានបន្តថា ក្នុងចំណោមជំងឺមិនឆ្លងដែលប្រឈមខ្ពស់ទាំង៤នេះ ជំងឺទឹកនោមផ្អែមគឺជាជំងឺដែលមានបញ្ហាប្រឈមខ្ពស់ជាងគេ ដែលតម្រូវឱ្យប្រជាពលរដ្ឋគ្របរូបត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងតាមដានឱ្យបានល្អិតល្អន់ ជៀសវាងការកើតមានជំងឺនេះ ហើយជំងឺទឹកនោមផ្អែមនេះទៀតសោតក៏ជាជំងឺមួយដែលអាចបង្កឱ្យមានជំងឺបេះដូង និងសរសៃឈាមផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ដែលជាវ័យប្រឈមនឹងជំងឺទឹកនោមផ្អែម ទៅធ្វើតេស្តជាតិស្ករនៅតាមមណ្ឌលសុខភាពដែលនៅជិត និងតាមដានរាល់រោគសញ្ញារបស់ជំងឺទឹកនោមផ្អែម និងធ្វើតាមការណែនាំរបស់គ្រូពេទ្យដើម្បីទប់ស្កាត់ការកើតមានជំងឺទឹកនោមផ្អែម។
ក្នុងពិធីនេះដែរ ឯកឧត្តម ខៀវ រិទ្ធិភ័ណ អភិបាលរងខេត្ត បានលើកឡើងថា ប្រធានបទ នៃទិវាទឹកនោមផ្អែមពិភពលោកថ្ងៃនេះ បានឆ្លុះបញ្ចាំងពីបញ្ហានៃការកើនឡើងនូវអត្រាអ្នកជំងឺទឹកនោមផ្អែម នៅប្រទេសកម្ពុជា ដែលបណ្ដាលមកពីរបៀប នៃការរស់នៅរបស់ប្រជាជនយើងនាពេលបច្ចុប្បន្ន ដូចជាការចូលចិត្តបរិភោគផ្អែម អាហារសម្បូរជាតិខ្លាញ់ និងកង្វះសកម្មភាពរាងកាយ ដូចជាការហាត់ប្រាណជាដើម។ ឯកឧត្តមអភិបាលរងបានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ទៅនឹងបញ្ហាប្រឈមសុខភាពសាធារណៈ ជាពិសេស ការកើនឡើងនៃជំងឺមិនឆ្លងដែលកម្ពុជាកំពុងតែជួបប្រទះ និងមានវិធានការណ៍ អន្តរាគមន៍ ក្នុងការបង្ការកាត់បន្ថយ និងទប់ស្កាត់ ក្នុងគោលដៅជួយលើកកម្ពស់សុខភាពពលរដ្ឋកម្ពុជាយើង ក៏ដូចជាប្រជាជនទូទៅ ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ គ្រួសារ និងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលខេត្តកំពតបានឱ្យដឹងដែរថា សម្រាប់ខេត្តកំពតការផ្តល់សេវាសុខាភិបាលក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៤៖ ការពិគ្រោះជំងឺករណីថ្មីបានចំនួន ២២៩,៧៨៤ករណី, អ្នកជំងឺចូលសម្រាកពេទ្យចំនួន៖ ១៦,៧៩៤នាក់, ការសម្រាលកូននៅមូលដ្ឋានសុខាភិបាលសាធារណៈបាន ៧,៩៦៧នាក់, ចំនួនអ្នកជំងឺលើសសម្ពាធឈាមដែលបានមកពិគ្រោះ និងព្យាបាលមានចំនួន ៩,៥៥៩នាក់ (ស្រី៥,៩៣៨ នាក់), ចំនួនអ្នកជំងឺទឹកនោមផ្អែមដែលបានមកពិគ្រោះ និងព្យាបាលមានចំនួន ៤,២៧៥ នាក់ (ស្រី ២,៩៣៧នាក់)។ ទន្ទឹមនឹងនោះ ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង២០២២-២០៣០ កម្មវិធីពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ខេត្តកំពតបានធ្វើការបណ្តុះបណ្តាលដល់មន្ត្រីមណ្ឌលសុខភាពទាំង៦៦មណ្ឌលសុខភាព (១មណ្ឌលសុខភាព២នាក់) ស្តីពីសំណុំសកម្មភាពជាសារវន្តនៃជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម) រួចរាល់ត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ និងបន្តធ្វើការបណ្តុះបណ្តាលដល់ក្រុមទ្រទ្រង់សុខភាពភូមិទាំង ៤៩១ភូមិ (ក្នុង១ភូមិ២នាក់) បានរួចរាល់ត្រឹមត្រីមាសទី២ ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរមន្ទីរសុខាភិបាលខេត្ត ក៏បានផ្ដល់ជូនសម្ភារៈបរិក្ខារពេទ្យសម្រាប់ពិនិត្យស្រាវជ្រាវជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមដល់មណ្ឌលសុខភាពទាំងអស់ក្នុងខេត្តផងដែរ។ បច្ចុប្បន្នសេវាពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមគឺមាននៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទាំងអស់នៅទូទាំងខេត្តកំពត៕
0 Comments