Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋខ្មែរឥស្លាម ១៣០០នាក់ក្នុងភូមិម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ថ្លែងអំណរគុណចំពោះអភិបាលខេត្តកំពត ដែលបានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនពលរដ្ឋក្នុងភូមិ

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរឥស្លាមប្រមាណ ១៣០០នាក់ ដែលរស់នៅក្នុងភូមិម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត បានរៀបចំពិធីហូបអាហារសាមគ្គីដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់ពលរដ្ឋរងគ្រោះចំនួន ៧គ្រួសារក្នុងភូមិ។ តំណាងប្រជាពលរដ្ឋទាំង ៧គ្រួសារ អ្នកស្រី យូរសា ហ្វីរី និងលោក ម៉ាត់ សាឡេះ បានសំដែងក្តីសប្បាយរីករាយក្រោយពេលដែលពួកគាត់ជួបការលំបាក ហើយទទួលរងគ្រោះដែលអាចនឹងធ្វើឱ្យខាងបង់ទឹកប្រាក់ខ្ទង់សែនដុល្លារ ជាមួយក្រុមហ៊ុនចិនមួយ តែដោយសារតែមានការដោះស្រាយវិវាទរវាងពួកគាត់ជាមួយក្រុមហ៊ុន ពីសំណាក់ ឯកឧត្តមអភិបាលខេត្ត បានធ្វើឱ្យពួកគាត់ទាំង ៧គ្រួសារទទួលបានយុត្តិធម៌។ ក្រោយពីទទួលបានដំណោះស្រាយដ៏យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋទាំង ៧គ្រួសារនេះ ទើបប្រជាពលរដ្ឋនាំគ្នាផ្តួចផ្តើមធ្វើពិធីដឹងគុណ និងតបគុណដល់ឯកឧត្តមអភិបាលខេត្តនាពេលនេះ ហើយពួកគាត់បានលើកឡើងដែរថា ខេត្តកំពតក្រោយពីបានឯកឧត្តម ម៉ៅ ធនិន មកកាន់តំណែងជាអភិបាលខេត្ត រាល់ទំនាស់ផ្សេងៗរបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយ ហើយខេត្តក៏មានការអភិវឌ្ឍរីកចម្រើនខ្លាំងផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាកិច្ចចង្អុលការផ្ទាល់មកកាន់រដ្ឋបាលរាជធានី-ខេត្ត លើកិច្ចការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយកន្លងមកខេត្តបានអនុវត្តន៍យ៉ាងសកម្មលើការងារនេះ។ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ដែរថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺមិនមានការរើសអើងពូជសាសន៍ ពណ៌សម្បុរ អ្នកមាន ឬអ្នកក្រនោះទេ អ្វីដែលសំខាន់អ្នកឈ្នះគឺជាអ្នកដែលគោរពច្បាប់ មិនបំពានអ្នកដទៃ មិនយករបស់អ្នកដទៃ ហើយអ្នកដែលចាញ់គឺអ្នកដែលរំលោភបំពានច្បាប់ បំពានអ្នកដទៃ យករបស់អ្នកដទៃ និយាយជារួម ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺផ្តោតសំខាន់លើការអនុវត្តច្បាប់។ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ប្រមុខរាជរដ្ឋាភិបាល ត្រូវចេះគោរពស្រឡាញ់គ្នា អធ្យាស្រ័យគ្នា ចូលរួមគោរពច្បាប់របស់ប្រទេសឱ្យបានល្អប្រសើ ព្រោះប្រទេសមានច្បាប់ ហើយបើខុសច្បាប់យើងនឹងមានទោស។

សូមបញ្ចាក់ថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានបើកវេទិការដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការបានប្រមាណជិត ៣ពាន់ករណី ហើយការដោះស្រាយគឺទទួលបានភាពជោគជ័យ និងមានការសាទរពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពតផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានចូលរួមឧបត្តម្ភទឺកក្រូចចំនួន ៥០កេស ទឹកសុទ្ធ ៣០កេស និងថវិកា ២លានរៀន ដើម្បីចូលរួមក្នុងពិធីអាហារសាមគ្គីនេះដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




















Post a Comment

0 Comments