ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកខេត្តកំពតធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី១១។ ហើយដើម្បីឱ្យព្រឹត្តិការណ៍ថ្នាក់ជាតិមួយនេះ ប្រព្រឹត្តទៅបានរលូន និងជោគជ័យ ព្រមទាំងទទួលបានការកោតសរសើរពីប្រមុខថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឯកឧត្តអភិបាលបានស្នើដល់ក្រុមប្រតិបត្តិករទេសចរណ៍យកចិត្តទុកដាក់ ធ្វើយ៉ាងណារក្សាឱ្យបាននូវ សោភ័ណភាព សុវត្ថិភាព គុណភាព អនាម័យបរិស្ថានស្អាត និងតម្លៃសមរម្យ។
ហើយដើម្បីរួមគ្នាធ្វើឱ្យព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកំពតប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យ ប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវចូលរួមអនុវត្ត ៦ចំណុចសំខាន់ៗរួមមាន៖ ទី១.គ្រប់សេវាកម្មដែលបំរើដល់វិស័យទេសចរណ៍ទាំងអស់ក្នុងខេត្ត កុំមានការដំឡើងថ្លៃ, ទី២.គ្រប់ទីតាំងដែលបំរើដល់វិស័យទេសចរណ៍ទាំងអស់ក្នុងខេត្ត ត្រូវមានការតុបតែងលម្អភ្លើងពណ៌ដើម្បីឱ្យមានភាពទាក់ទាញទេសចរ, ទី៣.ចូលរួមទាំងអស់គ្នាក្នុងការថែរក្សាបរិស្ថានអនាម័យឱ្យបានស្អាត, ទី៤.រក្សាឱ្យបាននូវសណ្តាប់ធ្នាប់សាធារណៈ, ទី៥.អ្នកផ្តល់សេវាលើវិស័យទេសចរណ៍ទាំងអស់ ត្រូវមានការស្លៀកពាក់ជាសម្លៀកបំពាក់ប្រពៃណីខ្មែរ, និងទី៦.រក្សាឱ្យបាននូវក្រមសីលធម៌នៃការទទួលបដិសណ្ឋារកិច្ច។
ពិធីសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ ត្រូវបានរដ្ឋបាលខេត្តកំពតធ្វើឡើងជារៀងរាល់ឆ្នាំ (១ឆ្នាំម្តង) ក្នុងគោលបំណងចង់ដឹងអំពីសុខទុក្ខ និងទទួលយកសំណូមពរ ក៏ដូចជាក្តីកង្វល់របស់ប្រតិបត្តិករទេសចរណ៍យកមកដោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យរបររកស៊ីទទួលទានមានដំណើរការល្អ អាចជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរ។ ហើយនៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានបង្ហាញពីឆន្ទៈ និងផែនការអភិវឌ្ឍន៍ជាច្រើនរបស់រដ្ឋបាលខេត្ត លើវិស័យទេសចរណ៍ក្នុងពេលបន្តបន្ទាប់ខាងមុខ។បើតាមក្រសួងទេសចរណ៍បានឱ្យដឹងថា បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត នឹងប្រារពធ្វើឡើងក្រោមប្រធានបទ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដោយមានគោលបំណងសំខាន់ៗចំនួន៣ ទី១.ការផ្សព្វផ្សាយអំពីសក្តានុពលទេសរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងការផ្សព្វផ្សាយតំបន់ឆ្នេរសមុទ្រតំបន់អេកូទេសចរណ៍ មានកោះ ភ្នំ សម្រាប់ខេត្តកំពត, ទី២.ការជួយជំរុញយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឆ្នេរប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទី៣.គឺការពង្រឹងលើកកម្ពស់គុណភាពសេវាកម្មនានា នៅក្នុងវិស័យឧស្សាហកម្មទេសចរណ៍នៅទូទាំងប្រទេស ពិសេសខេត្តកំពត៕
0 Comments