Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋមន្ត្រីទេសចរណ៍បញ្ជាក់ពីគោលបំណងចម្បងសំខាន់ៗចំនួន៣ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងពិធីបុណ្យសមុទ្រ

នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ការប្រារព្ធធ្វើពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ក្រោមប្រធានបទ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” គឺមានគោលបំណងចម្បងសំខាន់ៗចំនួន៣ ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ទៅកាន់ពិភពលោក ដែលទី១.ការផ្សព្វផ្សាយអំពីសក្តានុពលទេសរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងការផ្សព្វផ្សាយតំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍ មានកោះ ភ្នំ សម្រាប់ខេត្តកំពត, ទី២.ការជួយជំរុញយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឆ្នេរប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, និងទី៣.គឺការពង្រឹងលើកកម្ពស់គុណភាពសេវាកម្មនានា នៅក្នុងវិស័យឧស្សាហកម្មទេសចរណ៍នៅទូទាំងប្រទេស ពិសេសខេត្តកំពត។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលបានផ្តល់កិច្ចសហការក្នុងការរៀបចំបានយ៉ាងល្អប្រសើរ ទាំងការទំនាក់ទំនងគ្រប់អនុគណៈកម្មការ និងទីតាំងដែលត្រូវប្រារព្ធពិធីបុណ្យសមុទ្រ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ចាក់ដែរថា ខេត្តកំពត គឺជាខេត្តគោលដៅទេសចរណ៍មួយដែលជាប់នឹងតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងចំណោមខេត្តទាំង៤ ហើយជាខេត្តដែលមានសក្តានុពលទេសចរណ៍ដ៏ដំបូរបែប និងទាក់ទាញ ពិសេសគឺមានសំណង់បេតិកភណ្ឌដែលបានបន្សល់ទុកពីជំនាន់បារាំង ដែលស្របទៅនឹងប្រធានបទនៃពិធីបុណ្យសមុទ្រឆ្នាំនេះ គឺ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសគណៈកម្មការ និងអនុគណៈកម្មការរៀបចំបុណ្យសមុទ្រ ត្រូវរួមសហការគ្នាឱ្យបានស្អិតរមួតដើម្បីរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រនេះឱ្យទទួលបានជោគជ័យ និងទទួលបានការគាំទ្រពីពិភពលោកក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍នៅតំបន់ឆ្នេររបស់កម្ពុជា។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ដែរថា សម្រាប់ខេត្តកំពតគឺបានត្រៀមខ្លួនរួចជាស្រេចក្នុងការៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ទាំងទីតាំង និងការកែលម្អសោភ័ណភាព ក្រោពីទទួលបានការសម្រេចពីរាជរដ្ឋាភិបាល។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រឱ្យបានរលូន និងទទួលបានជោគជ័យគឺត្រូវការចាំបាច់បំផុតការសហការណ៍ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយត្រូវផ្តល់នូវធាតុចូលសំខាន់ៗសម្រាប់ការរៀបចំ។

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”។ កម្មវិធីបើកជាផ្លូវការនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី-ហ៊ុនម៉ាណែត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments