នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គ្រប់សាលារៀន ទាំងបឋម អនុវិទ្យាល័យ និងវិទ្យាល័យ របស់រដ្ឋនៅទូទាំងប្រទេស បានបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២៤-២០២៥។ ក្នុងនោះសិស្សានុសិស្សខេត្តកំពតបានប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ មិនឱ្យសាលា និងគ្រួសារខកចិត្តនោះទេ។ ខណៈដែលសិស្សពូកែ និងថ្នាក់ដឹកនាំខេត្ត បានចែករំលែកបទពិសោធដើម្បីជួយបង្កើនគុណភាព និងលទ្ធផលសិក្សាកាន់តែប្រសើរ។
សិស្សានុសិស្សដែលរៀនថ្នាក់ទី១២ នៃវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង បានសម្តែងសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរៀនវិញ ហើយពួកគេប្តេជ្ញាចិត្តថា និងខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ដើម្បីបន្តកម្រិតសិក្សាឡើងទៅថ្នាក់បន្ទាប់។ ក្រុមសិស្សានុសិស្សបានបន្តថា ពួកគាត់នឹងខិតខំរៀបចំកម្មវិធីសិក្សាឱ្យបានល្អ ពិសេសរៀនឱ្យបានទៀតទាត់ រំលឹកមេរៀនជាប្រចាំ និងធ្វើស្វ័យសិក្សាបន្ថែមនៅផ្ទះឱ្យបានច្រើន។ ពួកគេបានសន្យាថា និងយកនិទ្ទេសឱ្យបានល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយមិនឱ្យលោកគ្រូ អ្នកគ្រូ និងឪពុកម្តាយខកចិត្តនោះទេ។ ចំណែកឯសិស្សានុសិស្សដែលរៀនថ្នាក់ទី៨ ក្នុងវិទ្យាល័យខាងលើបានលើកឡើងដែរថា ពួកគេនឹងខិតខំរៀនសូត្រឱ្យបានខ្លាំងបន្ថែមទៀត ដើម្បីឈានទៅប្រឡងយកនិទ្ទេសល្អនាពេលខាងមុខ ដោយខិតខំស្តាប់ការពន្យល់របស់លោកគ្រូអ្នកគ្រូ ពិសេសគឺខិតខំស្រាវជ្រាវមេរៀន និងរំលឹកមេរៀនជាប្រចាំ។នៅក្នុងឱកាសនោះ អតីតសិស្សវិទ្យាល័យមិត្តភាពកម្ពុជា- ជប៉ុន(កំពតក្រុង) ដែលប្រឡងជាប់និន្ទេស A លំដាប់ពិន្ទុខ្ពស់ជាងគេ គឺពិន្ទុ ៩៩.៩៦៩ នៅខេត្តកំពតឆ្នាំ២០២៤ យុវសិស្ស លឹម លីហ៊ាង បានចែករំលែកបទពិសោធដល់សិស្សប្អូនជំនានក្រោយថា ដើម្បីបានសម្រេចបាននិទ្ទេសល្អ យើងត្រូវធ្វើរឿង៤យ៉ាង គឺទី១.ត្រូវកំណត់គោលដៅ ថាខ្លួនចង់បាននិទ្ទេសអ្វី? ទី២.ត្រូវរៀបចំផែនការរៀនសូត្រ ទី៣.ត្រូវមានវិន័យសម្រាប់ខ្លួនឯង និងទី៤.ព្យាយាម ហើយផ្តោតសំខាន់ទៅលើគោលដៅមិនបន្ធូរដៃ។
ជាមួយគ្នានេះដែរ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ក៏បានជំរុញលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ គ្រូបង្រៀន គណៈកម្មការសាលារៀន និងមាតាបិតាសិស្សត្រូវរួមគ្នាក្នុងការជំរុញឱ្យកូនចៅរៀនសូត្រដោយយកចិត្តទុកដាក់ ដើម្បីបង្កើនគុណភាព និងលទ្ធផលសិក្សារបស់កូនៗឱ្យកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបន្ថែមថា គុណភាពសិក្សាគឺគេមើលទៅលើលទ្ធផល ហើយប្រសិនបើការចូលរួមរបស់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សធ្វើបានល្អ នោះលទ្ធផលក៏ទទួលបានល្អផងដែរ។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា២០២៣- ២០២៤ នៅខេត្តកំពត សិស្សថ្នាក់ទី១២ សរុបមានចំនួន ៥ ១៦១នាក់ ហើយបានប្រឡងជាប់ចំនួន ៤ ៤០៥នាក់ ស្មើនឹង ៨៥.៣៥% ក្នុងនោះ សិស្សដែលទទួលបាននិន្ទេស A មានចំនួន ៧៨នាក់ ថយចុះ ១៣នាក់ បើប្រៀបធៀននិងឆ្នាំសិក្សា២០២២-២០២៣៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments