ស្នងការខេត្តកំពតបានបង្ហាញទឹកចិត្តសប្បាយរីករាយ ក្នុងការដឹកនាំកម្លាំងជាង ១០០នាក់ ចូលរួមទិញអាវយឺតពីក្រុមការងារមណ្ឌលកុមារកំព្រា “មែកឈើ” ដើម្បីជាការចូលរួមចំណែកផ្តល់ថវិកាទៅចិញ្ចឹមដល់កុមារកំព្រាចំនួន ១៨២នាក់។ លោកស្នងការក៏បានធ្វើការអំពាវនាវដល់ពលរដ្ឋខេត្តកំពត និងភ្ញៀវទេសចរ សូមចូលរួមទិញទាំងអស់គ្នា ព្រោះការទិញអាវយឺត១ អាចជួយអាហារកុមារកំព្រានៅមណ្ឌលមែកឈើបាន ១ឆ្នាំ។
នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពតបានដឹកនាំកម្លាំងជាង ១០០នាក់ ចូលរួមទិញ និងជួយលក់អាវយឺតដល់ក្រុមការងារមណ្ឌលកុមារកំព្រា “មណ្ឌលមែកឈើ” ដែលបានបន្តដំណើរលក់អាវយឺត ពីខេត្តតាកែវ មកដល់ខេត្តកំពត។ លោកស្នងការបានបញ្ជាក់ថា ការចូលរួមទិញអាវយឺត ១នាពេលនេះ ប្រៀបបាននឹងការជួយចូលរួមចិញ្ចឹមកុមារកំព្រា១ឆ្នាំ ហើយលោកក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្តកំពត សូមចួលរួមជួយទិញអាវយឺតពីក្រុមការងារមណ្ឌលកុមារកំព្រា “មែកឈើ” ដើម្បីចូលរួមឧបត្ថម្ភគាំទ្រក្នុងការចិញ្ចឹបបីបាច់កុមារកំព្រា។គណៈគ្រប់គ្រងនៅមណ្ឌលក្មេងកំព្រា “មែកឈើ” លោក ផល្លា បានប្រាប់ឱ្យដឹងថា មណ្ឌល “មែកឈើ” កំពុងទទួលចិញ្ចឹមកុមារកំព្រាចំនួន ១៨២នាក់។ ហើយក្នុងឆ្នាំ២០២៤នេះ ក្រុមការងារបានផ្តួចផ្តើមគំនិតប្រមូលថវិកាមូលនិធិ តាមរយៈការលក់អាវយឺ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមចំណែកក្នុងការជួយដល់កុមារកំព្រា តាមរយៈការទិញអាវយឺតយកទៅពាក់ ហើយអាវយឺត១ អាចជួយអាហារកុមារ “មែកឈើ” ១ឆ្នាំ។ លោក ផល្លា ក៏បានសំដែងក្តីសប្បាយរីករាយនៅពេលដែលមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរក្រុងកំពត ពិសេសលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពត ដែលបានរៀបចំទីតាំងសម្រាប់ការដាក់លក់អាវយឺតដល់ក្រុមការងាររបស់លោក។
ចំណែកប្រជាពលរដ្ឋខេត្តកំពត បានក៏បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយក្នុងការចូលរួមទិញអាវយឺតពីក្រុមការងារមណ្ឌលកុមារកំព្រា “មែកឈើ” ដែលបានមកដាក់លក់នៅទីរួមខេត្តកំពត ហើយលោកពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹងនូវរាល់ទង្វើមនុស្សធម៌របស់ក្រុមការងារមណ្ឌល “មែកឈើ” ក្នុងន័យដើម្បីប្រមូលថវិកាទៅចិញ្ចឹមកុមារកំព្រា។
សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមានបំណងចង់ចូលរួមទិញអាវយឺតយកមកពាក់ ហើយក៏ដូចជាបានចូលរួមជួយដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រា “មែកឈើ” អាចស្វែងរកស្តង់លក់នៅទីតាំងរង្វង់មូលទុរេន ចាប់ពីពេលនេះ រហូតដល់ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ស្អែក៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments