ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានរាជរដ្ឋាភិបាលជំរុញលើកទឹកចិត្តឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិព្យាយាមអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿងនៅស្ថាប័ន្តុលាការផង ចំណេញពេលវេលា ថវិកា និងរក្សាកិត្តិយស និងភាពសុខដុមជូនពលរដ្ឋនៅមូលដ្ឋានផង។ ប៉ុន្តែដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាព គឺទាមទាឱ្យថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ចូលរួម ដើម្បីវែកញែកសម្រេចតាមគោលការណ៍ច្បាប់ និងគោលការណ៍ឋានានុក្រមគ្រួសារ។ នេះបើតាមបទពិសោធន៍ និងការលើកឡើងរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត មុនពេលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ១១ករណីជូនពលរដ្ឋ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅសាលមហាជនសាលាខេត្តកំពត។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា នៅក្នុងយន្តការសម្រាប់ការសម្របសម្រួលដោះស្រាយវិវាទទាំងអស់ ឯកឧត្តមមិនអាចលំអៀងទៅនរណាម្នាក់បាននោះទេ ព្រោះប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្តកំពត គឺជាគ្រួសារតែមួយរបស់ឯកឧត្តម ហើយឯកឧត្តមចង់ឱ្យគ្រប់សមាជិកនៃគ្រួសារដ៏ធំមួយនេះ រក្សាបាននូវភាពថ្លៃថ្នូរជាមនុស្ស បើអត់ ត្រូវសុំ, បើខ្ចីគេ ត្រូវសង់គេវិញ, បើយកដីគេ ត្រូវឱ្យម្ចាស់គេវិញ កុំឈ្លោះប្រកែក ប្តឹងផ្តល់ ឬគុំគួនគ្នា ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សាមគ្គីភាព ជីវភាពរស់នៅ និងកិត្តិយសក្នុងនាមជាឈាមជ័រខ្មែរតែមួយ ជាអ្នកភូមិផងរបងជាប់គ្នា។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា ឯកឧត្តមមិនខ្ជិលក្នុងការដោះស្រាយវិវាទនោះទេ ប៉ុន្តែក៏មិនសប្បាយចិត្តដែរពេលឃើញបងប្អូនប្រជាពលរដ្ឋឈ្លោះគ្នា ហើយកុំដោយសារតែអាហារ ៣ពេល បែរជាភ្លេចតម្លៃ និងគុណធម៌ជារវាង បងប្អូន ប្រពន្ធកូន ឪពុកម្តាយ និងគ្រួសារឱ្យសោះ ព្រោះនេះមិនមែនជាវប្បធម៌ ប្រពៃណី របស់ជនជាតិខ្មែរយើងទេ។
ឯកឧត្តមអភិបាលក៏បានរំលឹកថា ប្រមុខរាជរដ្ឋាភិបាលបានលះបង់កម្លាំងកាយចិត្ត និងហ៊ានយកអាយុជីវិតជាថ្នូរដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនដល់ប្រជាជន និងប្រទេសជាតិ ហើយថែទាំងបានចែកកម្មសិទ្ធិដីធ្លីជូនពលរដ្ឋកាន់កាប់ និងប្រើប្រាស់ ដើម្បីលើកកម្ពស់ជីវភាពគ្រប់ក្រុមគ្រួសារ ឱ្យកាន់តែល្អប្រសើរ ចុះហេតុអ្វីយើងរស់រានមានបានប៉ុណ្ណេះហើយ នៅមានគំនិតលោភលន់ បៀតបៀន និងឈ្លោះប្រកែកគ្នាទៀត។
សូមបញ្ជាក់ថា រយៈពេលបីឆ្នាំ ក្នុងការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត គឺបានធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានជិត ៣ពាន់ករណី ក្នុងនោះជាង ២ពាន់ករណីជាជម្លោះដីធ្លី។ ហើយភាពប៉ិនប្រសប់ក្នុងការដឹកនាំសម្របសម្រួលដោះស្រាយបញ្ហារបស់ឯកឧត្តមអភិបាលខេត្ត ក៏បានក្លាយជាគំរូបមួយសម្រាប់អាជ្ញាធរក្រុង-ស្រុក ដើម្បីយកទៅអនុវត្តនៅមូលដ្ឋានរបស់ខ្លួន ធ្វើឱ្យករណីវិវាទថ្មីៗស្ទើរលែងកើតមាន៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments