ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅក្នុងភូមិកន្សោមអក ឃុំបន្ទាយមាសខាងលិច និងប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិហុងស៊ុយ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តរហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី រាជរដ្ឋភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគោលនយោបាយដីធ្លី។ ក្រោមកិច្ចចង្អុលការ និងការដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រោមកិច្ចដឹកនាំជំនាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យមន្ទីរសុរិយោដីខេត្ត អាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធត្រូវពន្លឿនក្នុងការចុះវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋឱ្យបានឆាប់រហ័សបំផុត ព្រោះការពន្លឿនក្នុងការវាស់វែងដីធ្លីនិងចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋនេះគឺជាយន្តការស្នូលរបស់ប្រមុខរាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានស្នើដល់ប្រជាពលរដ្ឋទាំងអស់ដែលទទួលបានបណ្ណកម្មសិទ្ធ ត្រូវថែរក្សា និងយកទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីជំរុញឱ្យជីវភាពរស់នៅប្រចាំថ្ងៃកាន់តែល្អប្រសើរបន្ថែមទៀត តាមរយៈការយកទុនមកបង្កើតមុខរបរចិញ្ចឹមជីវិត។ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះដោះស្រាយបញ្ហាវិវាទផ្សេងៗ ពិសេសវិវាទដីធ្លីដោយប្រើប្រាស់យន្តការគ្រួសារដើម្បីបញ្ជប់ ហើយក្នុងករណីដីដែលមានបណ្ណកម្មសិទ្ធគឺឯកឧត្តមមិនមានសិទ្ធក្នុងការដោះស្រាយនោះទេ គឺស្ថិតលើការដោះស្រាយនៅតុលាការ។លោក ព្រាប សុផាត ប្រធានស្តីទីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងភូមិកន្សោមអក ឃុំបន្ទាយមាសខាងលិច មានក្បាលដីសរុបចំនួន ១ ៨៣២ក្បាលដី ស្មើនឹង ៦៦៦គ្រួសារ ក្នុងនោះដីលំនៅឋាន ៣៥៣ក្បាលដី, ដីកសិកម្ម ១៤៣៣ក្បាលដី, ដីទួលកប់ខ្មោច ៨ក្បាលដី, ទួលអ្នកតា ១ក្បាលដី, ដីសាលារៀន ១ក្បាលដី, ដីទួលកប់ខ្មោច ១ក្បាលដី, ត្រពាំង ១ក្បាលដី, ដីវិវាទ ២ក្បាលដី និងដីគ្មានទិន្នន័យ ៣២ក្បាលដី។ លោកប្រធានមន្ទីរបានបន្តថា ចំពោះការបិទផ្សាយទិន្នន័យជាសាធារណៈស្រុកបន្ទាយមាស មានចំនួន ០១ភូមិបន្ថែម គឺភូមិហុងស៊ុយ ឃុំបន្ទាយមាសខាងលិច មានក្បាលដីសរុបចំនួន ១ ៨២៣ ក្បាលដី ស្មើនឹង ៥៨៧ គ្រួសារ៕
0 Comments