នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន(កំពតក្រុង) ហើយនៅក្នុងឱកាសនោះ ឯកឧត្តមបានលើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុប ប្រមូលស្មារតីឱ្យល្អ ដើម្បីអាចបញ្ចេញសមត្ថភាពដែលខ្លួនបានខំប្រឹងប្រែងរៀនសូត្រអស់រយៈពេល១២ឆ្នាំ ធ្វើយ៉ាងណាឱ្យខេត្តកំពតឆ្នាំនេះ មានសិស្សនិទ្ទេស A កើនឡើងច្រើន ហើយរូបឯកឧត្តម និង ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ត្រៀមរង្វាន់ម៉ូតូ សម្រាប់ទុកជូនបេក្ខជនជ័យលាភីជានិច្ច។
ប្រធានស្តីទីមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត លោក សូ ភារិទ្ធ បានបញ្ជាក់ថា ដំណើរការនៃការប្រឡងនៅព្រឹកថ្ងៃទី៨ ខែតុលានេះ មានភាពល្អប្រសើរទាំងក្នុង និងក្រៅមណ្ឌលប្រឡង។ លោកប្រធានស្តីទីបានបញ្ជាក់ថា ចំពោះឥរិយាបថបេក្ខជន មានភាពល្អប្រសើរ ឆ្លងតាមការត្រួតពិនិត្យឆែកឆេ ព្រឹកនេះ មិនឃើញមានបេក្ខជនណាម្នាក់លាក់សំណៅឯកសារ ឬយកឧបករណ៍ហាមឃាត់តាមខ្លួនទេ ហើយលោកសង្ឃឹមថា ឆ្នាំនេះសិស្សនិទ្ទេស A អាចកើនឡើង ខណៈឆ្នាំ២០២៣ សិស្សនិទ្ទេស A មាន ៩១នាក់។
សូមបញ្ជាក់ថា ខេត្តកំពតមានមណ្ឌលប្រឡងសរុប ១០មណ្ឌល (ក្រុងកំពតមាន ៤មណ្ឌល, ស្រុកទឹកឈូមាន ៣មណ្ឌល និងស្រុកអង្គរជ័យមាន ៣មណ្ឌល) មាន ២១០បន្ទប់ មានបេក្ខជនសរុប ៥.១៩៤នាក់ ស្រី ២.៨២១នាក់ ក្នុងនោះបេក្ខជនស្វៃរិន ៣៥០នាក់ ស្រី ១៦១នាក់ ដោយបែងចែកជា ថ្នាក់វិទ្យាសាស្ត្រ៖ មាន៣មណ្ឌល ៥៤បន្ទប់ បេក្ខជនចំនួន ១.៣២៩នាក់ ស្រី ៨២៥នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម៖ មាន ០៧មណ្ឌល ១៥៦បន្ទប់ បេក្ខជនចំនួន ៣៩៣១នាក់ ស្រី ២.០១២ នាក់៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments