មន្ត្រីជំនាញបានឱ្យដឹងថា នៅក្នុងចលនាប្រឡងប្រណាំង “ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព” ក្នុងក្របខណ្ឌលក្ខណៈសម្បត្តិទី៦ “មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ” របស់ក្រសួងបរិស្ថាន ឆ្នាំ២០២៤ ខេត្តកំពតមានឃុំសង្គាត់ចំនួន២ទទួលបានជ័យលាភី។ អាជ្ញាធរបានប្តេជ្ញាថា នៅតែបន្តខិតខំរៀបចំកែលម្អ សោភ័ណភាព អនាម័យបរិស្ថានឱ្យកាន់តែស្អាតថែមទៀត។
ប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកំពត លោក ផាត់ តេង បានប្រាប់ឱ្យដឹងថា នៅក្នុងចលនាប្រឡងប្រណាំង “ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព” ក្នុងក្របខណ្ឌលក្ខណៈសម្បត្តិទី៦ “មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ” របស់ក្រសួងបរិស្ថាន ឆ្នាំ២០២៤នេះ ខេត្តកំពតមានឃុំ-សង្កាត់ចំនួន២ ដែលទទួលបានជ័យលាភី គឺសង្កាត់កំពង់កណ្តាល ក្រុងកំពត និងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ។ លោកបានបន្ថែមថា ខេត្តកំពតបានចុះឈ្មោះប្រឡងប្រណាំង ចំនួន ១៨ឃុំ និង ៨សង្កាត់ តែឆ្លងកាត់វគ្គជម្រុះនៅសល់ ៥ឃុំ-សង្កាត់ប៉ុណ្ណោះ ដែលបានបញ្ជូនឈ្មោះទៅដល់ក្រសួង ហើយជាជលទ្ធផល មានតែឃុំ១ និងសង្កាត់១ ដែលបានជាប់ទទួលបានជ័យលាភីនៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ។ចៅសង្កាត់កំពង់កណ្តាល់ លោក ទី វុទ្ធី បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលសង្កាត់របស់លោកទទួលបានជ័យលាភី និងថាមិនមែនជារឿងចៃដន្យទេ ដែលសង្កាត់កំពង់កណ្តាលទទួលបានជ័យលាភី តែវាជាការខិតខំប្រឹងប្រែងរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ។ លោកបានបញ្ជាក់ថា អាជ្ញាធរនៅតែបន្តប្រឹងប្រែង កែលម្អ សោភ័ណភាព អនាម័យ និងបរិស្ថាន ឲ្យកាន់តែស្អាត និងទាក់ទាញទេសចរបន្ថែមទៀត។ ទន្ទឹមនឹងនោះដែរ លោកចៅសង្កាត់ក៏បានសំណូមពរ ក៏ដូចជាធ្វើការអំពាវនាឱ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តចូលរួមសម្អាតអនាម័យបរិស្ថាន ដើម្បីឱ្យខេត្តកំពតមានឃុំ-សង្កាត់ផ្សេងៗទៀតទទួលបានជ័យលាភីនេះដែរ។
ចំណែកឯភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងក្រុងកំពត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ក្រុងកំពតបច្ចុប្បន្នពិតជាសោភ័ណភាពស្អាត មានអនាម័យ និងបរិស្ថានល្អ ពិសេសមានអ្វីថ្មីៗសម្រាប់ទាក់ទាញទេសចរឱ្យមកលេងជានិច្ច។ ក្រុមភ្ញៀវទេសចរបានបន្តថា ខេត្តកំពតពីមុនមិនសូវជាមានភាពទាក់ទាញប៉ុន្មាននោះទេ តែមួយរយៈក្រោយនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្ត ខេត្តកំពតមានកន្លែងទាក់ទាញជាច្រើន ស្អាត ហើយប្លែកៗគួរឱ្យចង់មកលេងកម្សាន្ត ពិសេសការសម្អាតអនាម័យបរិស្ថាន គឺស្អាតមិនមានសំរាមរាយប៉ាយ ធ្វើឱ្យអ្នកមកលេងកម្សាន្តមានអារម្មណ៍ស្រស់ស្រាយ។
តាមការបញ្ជាក់របស់មន្ត្រីជំនាញ លក្ខខណ្ឌក្នុងការប្រឡងប្រណាំង គឺផ្តោតទៅលើភាពស្អាតនៅទីតាំងសាលាឃុំ ហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំ ដូចជាផ្ទះពលរដ្ឋ សំណង់ស្ថានប័នរដ្ឋ និងឯកជន ផ្លូវថ្នល់ សោភ័ណភាពតុបតែងលម្អតាមសួនច្បារសាធារណៈផ្សេងៗផងដែរ។ នៅឆ្នាំ២០២៤នេះ ទូទាំងប្រទេសឃុំសង្កាត់ដែលទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំង សរុបមានចំនួន ៥០ឃុំ-សង្កាត់៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments