នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងកំពត និងស្រុកទឹកឈូ រួមគ្នាចុះពិនិត្យទីតាំងត្រូវស្ថាបនា និងកែលម្អសោភ័ណភាព សម្រាប់ត្រៀមទទួលទេសចរក្នុងឱកាសដែលខេត្តកំពតត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឱ្យបានល្អប្រសើរ និងមានភាពទាក់ទាញ។ ក្នុងការចុះពិនិត្យនោះ ឯកឧត្តមអភិបាលបានចុះពិនិត្យទីតាំងដែលត្រូវរៀបចំស្ថាបនាជាទីធ្លាសួនបាញ់ទឹកនៅតំបន់ស្រះឈូក នឹងនៅក្បែររូបសំណាកត្រីផ្សោត ពិនិត្យគម្រោងពង្រីករូបសំណាកត្រីផ្សោតឱ្យធំ ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែប្រវែង ៣ ៣៩០ម៉ែត្រ ចាប់ពីចំណុចរូបសំណាកត្រីផ្សោត ស្ថិតក្នុងសង្កាត់កំពង់កណ្តាល រហូតដល់ចំណុចផ្លូវបេតុងឆ្នេរកោះស្មៅ ឃុំជុំគ្រៀល ស្រុកទឹកឈូ ព្រមទាំងបានពិភាក្សាការងារកែលម្អសួនច្បាររមណីយដ្ឋានស្រះឈូកផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានប្រាប់ដល់ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវរួមគ្នាពិនិត្យលក្ខណៈបច្ចេកទេស និងគុណភាពផ្លូវឱ្យបានច្បាស់លាស់ និងត្រូវរាយការណ៍ជាប្រចាំ ចំណែកមន្ត្រីជំនាញខាងទឹកស្អាត និងអគ្គីសនី ត្រូវរៀបចំផ្លាស់ប្តូរ ឬកែសម្រួលប្រព័ន្ធបណ្តាញរបស់ខ្លួនឱ្យល្អ ធ្វើយ៉ាងណាកុំឱ្យរាំងស្ទះដល់ការស្ថាបនាផ្លូវ ឬបង្កផលប៉ះពាល់ដល់តម្រូវការប្រើប្រាស់របស់ពលរដ្ឋដែលរស់នៅតាមបណ្តាយផ្លូវ។ ហើយបើមានបញ្ហាអ្វីមួយ សង្ស័យ ឬមិនច្បាស់លាស់ត្រូវរាយការណ៍ និងសុំយោបល់ភ្លាមៗ ព្រោះវេលានៃការរៀបចំកាន់តែខិតកៀកទៅៗ។ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្នុងនាមជាម្ចាស់ផ្ទះ មិនថាមន្ត្រីជំនាញ អាជ្ញាធរ ឬកងកម្លាំងនោះទេ គឺត្រូវតែជួយគិតគូរ ចូលរួមផ្តល់ជាមតិយោបល់ ជួយតាមដានពិនិត្យនូវរាល់សកម្មភាពផ្សេងៗ នៅក្នុងខេត្តរបស់ខ្លួន ថាតើការងារនោះល្អ ឬត្រឹមត្រូវដែរឬទេ ព្រោះមន្ទីរ-អង្គភាព ជាសេនាធិការសំខាន់របស់រដ្ឋបាលខេត្ត។ ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត នឹងប្រារព្ធនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”។ កម្មវិធីបើកជាផ្លូវការនឹងប្រព្រឹត្តិឡើងនាថ្ងៃទី១៤ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕
0 Comments