មានប្រសាសន៍ក្នុងពិធីបិទការបោះជំរំរបស់សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត ប្រចាំឆ្នាំ២០២៤ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតបានថ្លែងថា ជំនួសមុខឱ្យ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយ ឫទ្ធិនារីកម្ពុជា ជាទីគោរពដល់ខ្ពង់ខ្ពស់ និងខ្លួនលោកជំទាវផ្ទាល់ សូមសម្តែងនូវមនោសញ្ចេតនា រំភើបរីករាយ កោតសរសើដ៏ស្មោះស្ម័គ្រ និងសូមវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ ក្រុមការងារ និងសមាជិកាសកម្មរបស់សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែង រៀបចំកម្មវិធីបោះជំរំនេះឱ្យទទួលបានជោគជ័យគួរអោយកត់សម្គាល់។
លទ្ធផលនៃការបោះជំរំនេះ បានឆ្លើយតបទៅតាមអនុសាសន៍ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២៧ របស់សមាគមកាយឫទ្ធិនារីកម្ពុជា “ការចូលជាសមាជិករបស់សមាគមកាយ ឫទ្ធិនារីកម្ពុជា គឺជាកម្លាំងស្ម័គ្រចិត្តរួម ដែលផ្តល់ឱ្យសមាជិកនូវ ចំណេះដឹង បទពិសោធន៍ទាំងជីវិតការងារ និងលទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម”។ លើសពីនេះ កុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ ធ្វើការងារជាក្រុម និងក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ មិនតែប៉ុណ្ណោះ សមាជិកទាំងអស់ត្រូវបានជំរុញលើកទឹចិត្តឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ តាមគោលបំណងបេសកម្ម និងពាក្យស្លោករបស់សមាគមគឺ “កម្លាំងស្ម័គ្រចិត្តដើម្បីកុមារ និងយុវតីកម្ពុជា”។សមាជិកាសកម្មដែលមកពីតាមបណ្តាក្រុង-ស្រុកទាំង៦ នៃខេត្តកំពត ដែលចូលរួមក្នុងពិធីបោះជំរំនេះបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងយល់ឃើញថា ការបោះជំរំលើកនេះពិតជាប្លែក ទាំងទីតាំង សកម្មភាព និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ធ្វើឱ្យពួកគេទទួលបាននូវចំណេះដឹងថ្មី បទពិសោធជីវិតពិត និងអនុស្សារីយ៍ល្អៗក្នុងជីវិតក្រោមដំបូលតង់ក្នុងចម្ការដែលហំព័ទដោយព្រៃភ្នំ រយៈពេលបួនថ្ងៃកន្លងមកនេះ។ ក្រុមយុវតីរំពឹងថា ទៅថ្ងៃអនាគតពួកគេទេទាំងអស់គ្នានឹងឈានទៅសម្រេចបានគោលដៅរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ទៅតាមប្រធានបទដែលបានដាក់ចេញនៅឆ្នាំនេះគឺ “យុវតីយើង អនាគតអ្នកដឹកនាំយើង” ហើយពួកគេនឹងខិតខំប្រឹងប្រែងរៀនសូត្របន្ថែមដើម្បីក្លាយជាអ្នកដឹកនាំមួយរូប ដើម្បីចូលរួមអភិវឌ្ឍប្រទេស។
សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាគមក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅលើកកម្ពស់ ការអប់រំដល់កុមារី និងយុវតីឱ្យក្លាយទៅជាពលរដ្ឋល្អ ទទួលបាននូវចំណេះដឹង បទពិសោធន៍ បំណិនជីវិត និងការងារសង្គម៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments