Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អ្នកជំនាញបង្ហាញពីលក្ខណៈពិសេសរបស់សត្វផ្សោតពណ៌ផ្កាឈូកនៅតំបន់សហគមន៍នេសាទព្រែកត្នោត

សហគមន៍នេសាទព្រែកត្នោត នៅក្រុងបូកគោ ខេត្តកំពត ត្រូវបានក្រុមការងារអភិរក្សសមុទ្រកម្ពុជា (MCC) ស្រាវជ្រាវរកឃើញវត្តមានផ្សោតជាង ១៧០ក្បាល។ បច្ចុប្បន្នភ្ញៀវទេសចរកាន់តែច្រើននាំគ្នាទៅលេងព្រោះចង់ឃើញ ជាពិសេសសត្វផ្សោតផ្កាឈូក ដែលជាប្រភេទថនិកសត្វកម្រជិតផុតពូជ ដែលមានប្រមាណ ៧០ក្បាល កំពុងមានវត្តមានរស់នៅទីនោះ។បើតាមអ្នកជំនាញបានបញ្ជាក់ថា លក្ខណៈពិសេសរបស់ផ្សោតផ្កាឈូកខុសពីផ្សោតក្បាលត្រឡោក។

កញ្ញា  ភាន់ សុភានី អ្នកជំនាញរបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) លើគម្រោងស្រាវជ្រាវ និងអភិរក្សថនិកសត្វសមុទ្រ បានលាតត្រដាងលក្ខណៈពិសេសរបស់សត្វផ្សោតឃ្លាច ឬផ្សោតផ្កាឈូកថា មូលហេតុដែលប្រភេទថនិកសត្វកម្រជិតផុតពូជនេះមានពណ៌ផ្កាឈូក ដោយសារវាចូលចិត្តធ្វើចលនា ពិសេសលោតផុតពីផ្ទៃទឹកញឹកញាប់ជាងផ្សោតក្បាលត្រឡោក។ ការធ្វើចលនាច្រើន បានធ្វើឱ្យសរសៃរឈាមក្រហមអណ្តែតឡើង បូកផ្សំនឹងការត្រូវពន្លឺថ្ងៃញឹកញាប់ផងនោះ ធ្វើឱ្យពណ៌វាប្រែក្លាយជាផ្កាឈូក។ ផ្សោតផ្កាឈូក ពេញវ័យអាចបង្កកំណើតបានចាប់ពីអាយុ៩ទៅ១០ឆ្នាំ (យូរជាងផ្សោតក្បាលត្រឡោក)។ មេផ្សោតផ្កាឈូកត្រូវពពោះរយៈពេល ១២ខែ ទើបកើតបានកូនមួយ ហើយត្រូវបំបៅ និងបង្រៀនកូនឱ្យចេះចាប់ចំណីរយៈពេលបីឆ្នាំ ទើបអាចបង្កកំណើតបន្តបានទៀត។  កូនផ្សោត កើតមកមិនមែនមានពណ៌ផ្កាឈូកភ្លាមៗនោះទេ ។ 

កញ្ញាបានបន្តថា រយៈពេល ២ឆ្នាំក្នុងការសិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណសត្វផ្សោតនៅសហគមន៍នេសាទព្រែកត្នោតនេះ ក្រុមការងារបានសង្កេតឃើញថា ផ្សោតផ្កាឈូក និងផ្សោតក្បាលត្រឡោក ត្រូវការដេក ៨ម៉ោងនៅពេលយប់ ដូចមនុស្សដែរ ដោយប្រើខួរឆ្លាស់គ្នា(ខួរក្បាលម្ខាងដេក៤ម៉ោង)។ ចំណីរបស់សត្វផ្សោតគឺត្រី ការប្រមាញ់របស់វា បើទឹកនៅរាក់ វាប្រើសំឡេងដើម្បីកំណត់ទីសដៅដេញតាមប្រហារចំណី។ ម្តាយ និងកូនសត្វផ្សោតក៏មានមនោសញ្ចេតនា និងចេះឈឺចាប់ដូចមនុស្សដែរ។    

តាមការសន្និដ្ឋានរបស់អ្នកជំនាញអង្គការ (MCC)  ចំនួនសត្វផ្សោតនៅសហគមន៍ ក៏ដូចជាខេត្តកំពតទាំងមូល មានការកើនឡើងនៅឆ្នាំនេះ ព្រោះក្រុមការងារបានប្រទះឃើញវត្តមានកូនផ្សោតជាច្រើនដង។ ហើយប្រសិនបើមន្ត្រីជំនាញ អាជ្ញាធរ និងអង្គការដៃគូនានា នៅតែបន្តជួយសហការចូលរួមអភិរក្សធនធានធម្មជាតិសមុទ្រ (មានព្រែកោងកាង ស្មៅសមុទ្រ និងផ្កាថ្មជាដើម) និងទប់ស្កាត់បទល្មើសនេសាទបានល្អនឹងធ្វើឱ្យសត្វផ្សោតមិនងាប់ ហើយចំនួនផ្សោតនៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត











Post a Comment

0 Comments