សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតមានខ្លឹមសារដូចតទៅ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ពិសេសបណ្ដាញ ទំនាក់ទំនងសង្គមមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ៨:០០នាទី កម្លាំងអធិការដ្ឋាននគរបាល ក្រុងកំពត នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានទទួលព័ត៌មានថា មានប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណ ១០ នាក់ បានប្រមូលផ្ដុំគ្នាមកផ្សាយបន្តផ្ទាល់ (Live Video) អំពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅចំណុចរូបសំណាកព្រះអង្គឌួង ឋិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ លុះនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៨:៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត បាន អញ្ជើញប្រជាពលរដ្ឋចំនួន ១០នាក់ ស្រី ០៣នាក់ ក្នុងនោះព្រះសង្ឃ ០១អង្គ ពាក់ព័ន្ធករណីបានមកផ្សាយបន្តផ្ទាល់ (Live Video) អំពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅចំណុចរូបសំណាក ព្រះអង្គឌួង ឋិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយមិនបានស្នើសុំ ឬ ក៏ជូនដំណឹងឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានដឹងជាមុន។
ក្រោយពីបានសួរនាំរួច សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងឲ្យត្រលប់ទៅលំនៅឋានវិញរៀងៗខ្លួន មិនដូចការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily Khmer ឡើយ។ អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសបណ្ដាញទំនាក់ទំនងសង្គមមេត្តាទទួលជ្រាបជាព័ត៌មាន៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments