Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចណែនាំដល់មន្ត្រីឲ្យយកចិត្តទុកដាក់លើការងារមូលនិធិជាតិជំនួយសង្គម

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានបញ្ចាក់ថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១  វិស័យសង្គមកិច្ច គឺជាការងារអាទិភាពមួយ ក្នុងចំណោមកម្មវិធីអនុវត្តគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដូច្នេះសូមមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការបំពេញការងារឲ្យបានល្អពិសេសការងារមូលនិធិជាតិជំនួយសង្គម។

ថ្លែងនៅក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពត  នៅមន្ទីរសង្គមកិច្ចខេត្តកំពត នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤  ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា  បានលើកឡើងថា អំឡុងពេលជួបវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញកញ្ចប់សាច់ប្រាក់ (បេឡាជាតិសន្តិសុខសង្គម)  ដើម្បីជួយស្តារជីវភាពរបស់ប្រជាពលរដ្ឋ។ បន្ទាប់ពីកូវីដ១៩ត្រូវបានបិទបញ្ចប់  ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ មូលនិធិជាតិជំនួយសង្គម ត្រូវបានបង្កើតឡើង ដើម្បីអនុវត្តកម្មវិធីជំនួយសង្គម របបសន្តិសុខសង្គម និងសេវាពាក់ព័ន្ធផ្សេងៗបន្ត  ដែលនេះបានបង្ហាញអំពីសមត្តភាព លទ្ធភាព និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋ។ ឯកឧត្តមស្នើសុំឲ្យមន្ត្រីទាំងអស់អនុវត្តការងារនេះឲ្យបានល្អ។

ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពត លោក ស៊ឹម សេរីវុឌ្ឍ បានប្រាប់ឲ្យដឹងថា ការងារមូលនិធិជាតិជំនួយសង្គម ផ្តោតសំខាន់ទៅលើជំនួយសង្គម និងការងាររបបសន្តិសុខសង្គម សម្រាប់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីមន្ទីរសង្គមកិច្ចទាំងអស់ ដែលសម្រេចបាននូវលទ្ធផលការងារល្អប្រសើរនាពេលកន្លងមក។ ឯកឧត្តមក៏បានស្នើឲ្យ បន្តប្រឹងប្រែងបន្ថែមទៀត  ជាពិសេសសូមបង្កើនការយកចិត្តទុកដាក់លើ បញ្ហាជីវភាព និងតម្រូវការចាំបាច់របស់ក្រុមគ្រួសារអតីតយុទ្ធជន ឲ្យកាន់តែប្រសើរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments