គណៈកម្មការអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្វត្ថុ និងក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងសមាជិកគណៈកម្មាធិការលទ្ធកម្ម បានចុះត្រួតពិនិត្យវាយតម្លៃលទ្ធផលការងារថែទាំខួបផ្លូវចំនួន ២ខ្សែ សិ្ថតនៅ ឃុំនារាយណ៍ ឃុំមានជ័យ ឃុំក្រាំងស្នាយ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ជាលទ្ធផលគណៈប្រតិភូអន្តរក្រសួង រួមទាំងវិស្វករជាមន្រី្តបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទបានឯកភាពទទួលយកលទិ្ធផលអនុវត្តការងាររបស់អ្នកទទួលការសម្រេចបាន១០០%។
នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារថ្នាក់ខេត្ត ចុះត្រួតពិនិត្យវាយតម្លៃលទ្ធផលការងារថែទាំផ្លូវខួប ចំនួន ២ ខ្សែ ដោយក្រាលល្បាយក្រួសមានប្រវែងសរុប ១៣.២០០ម៉ែត្រ ទទឹង ៤ម៉ែត្រ និង ៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ មានទីតាំងសិ្ថតនៅ ឃុំនារាយណ៍ ឃុំមានជ័យ ឃុំក្រាំងស្នាយ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ដែលស្ថិតក្នុងគម្រោងលេខ DRR-PM-2024-N0.011 អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។ក្រោយពីបានចុះដោយផ្ទាល់ត្រួតពិនិត្យ និងស្តាប់ការរាយការណ៍របស់អ្នកតំណាងអ្នកទទួលការ និងមន្រី្តនាយកដ្ឋានផ្លូវលំរួចមក ឯកឧត្តមបណ្ឌិត និងជាគណៈកម្មការអន្តរក្រសួង រួមទាំងគណៈប្រតិភូអន្តរក្រសួង វិស្វករដែលជាមន្រី្តបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឯកភាពទទួលយកលទិ្ធផលអនុវត្តការងាររបស់អ្នកទទួលការ ដោយសម្រេចបាន១០០%។
នៅក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម ក៏បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំងពីរខ្សែ និងបានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនពលរដ្ឋផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមការពារ ថែទាំផ្លូវខាងលើឱ្យបានគង់វង់យូរអង្វែង មិនត្រូវសាងសង់សំណង់ ឬលប់ដីខ្ពស់ជាងផ្លូវ ប្រសិនបើមានការសាងសង់ណាមួយគឺត្រូវមានការដាក់លូដោះទឹកឱ្យបានត្រឹមត្រូវដើម្បីរក្សាគុណភាពផ្លូវនេះឱ្យបានយូរ ហើយត្រូវចាត់ទុកថាផ្លូវនេះជាទ្រព្យរបស់យើងទាំងអស់គ្នា។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋលេខាធិកា ក៏បានប្រាប់ទៅកាន់អ្នកទទួលការធ្វើផ្លូវនេះ ត្រូវធ្វើការត្រួតពិនិត្យលើការងារថែទាំផ្លូវខាងលើឱ្យបានល្អ ដើម្បីឱ្យមានគុណភាព សោភ័ណភាព និងសុវត្ថិភាពក្នុងរយៈពេល ០៦ខែ(ប្រាំមួយខែ)បន្តទៀត ទៅតាមកិច្ចសន្យា៕
0 Comments