អភិបាលខេត្តកំពត និងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីបានបញ្ជាក់ថា ដីគឺជាជីវិត ហើយការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង សំខាន់ចំពោះការអភិវឌ្ឍន៍ និងមានឥទ្ធិពលទៅលើបរិយាកាសភូមិសាស្ត្រនយោបាយ នៃការដឹកនាំរបស់រាជរដ្ឋាភិបាល។ ដូច្នេះទាមទាឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់អនុវត្ការងារឲ្យបានត្រឹមត្រូវតាមច្បាប់ និងមានឧត្តមគតិ ឆន្ទៈគិតគូរ ដល់ប្រយោជន៍ជាតិ និងប្រជាជន។
មានប្រសាសន៍ក្នុងពិធីបើកសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំលាសាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំ និងក្រើនរំលឹកដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ឲ្យបន្តពង្រឹងការយកចិត្តទុកដាក់ លើការងាររបស់ខ្លួន ពិសេសការងារសុរិយោដី និងសំណង់ ត្រូវតែអនុវត្តតាមគោលការណ៍ច្បាប់ ព្រោះការងារនេះសំខាន់ ហើយមានឥទ្ធិពលដល់ការអភិវឌ្ឍន៍ និងបរិយាភូមិសាស្ត្រនយោបាយរបស់រាជរដ្ឋាភិបាល។ឯកឧត្តម ហ៊ុន កុសល អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់មន្ទីរនាពេលកន្លងមក និងសូមកោតសរសើរចំពោះការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ពិសេសនៅលើវិស័យរៀបចំដែនដី។ ឯកឧត្តមបានបន្ត ការៀបចំដែនដីមួយឲ្យមានសោភ័ណភាព ស្អាតទាក់ទាញ ជាដួងព្រលឹង នៃនគរូបនីយកម្ម បង្ហា្ញញអំពីអរីយធម៌ វប្បធម៌របស់ជាតិ ហើយឆ្លើយតបទៅនឹងគោលដៅស្នូលរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការកសាងកម្ពុជាសហសម័យ។
ឯកឧត្តមបានបញ្ជាក់ថា វិស័យដីធ្លី និងសំណង់ បានផ្សារភ្ជាប់ទៅនឹងសតិអារម្មណ៍ និងសន្តិសុខនយោបាយជាតិ ដូច្នេះហើយទើប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី តែងតែបានជំរុញដល់ការងារចុះបញ្ជីដីធ្លីបញ្ចប់ ដើម្បីរក្សាបរិយាកាសគ្មានវិវាទ និងផ្តល់សេវាគាប់ចិត្ត ដល់ប្រជាពលរដ្ឋ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments