Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

បុណ្យសមុទ្រក្នុងខេត្តកំពតឆ្នាំនេះកាន់តែទាក់ទាញខណៈអាជ្ញាធរខេត្តជំរុញឱ្យមានការរៀបចំកែលម្អសោភណ្ឌភាព និងអនាម័យបរិស្ថានឱ្យបានស្អាតបំផុត

កាលពីព្រឹកទី២៤ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការ និងអនុគណៈកម្មការខេត្តរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រោយពីប្រជុំពិភាក្សា និងទទួលបានធាតុចូលសំខាន់ៗពីសំណាក់គណៈកម្មការ និងអនុគណៈកម្មការតាមជំនាញនីមួយៗរួចមក ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តការងាររបស់ខ្លួនឱ្យទទួលបានលទ្ធផលល្អប្រសើរនិងទទួលបានជោគជ័យ។

ឯកឧត្តម ម៉ៅ ធនិន ក៏បានស្នើដល់ក្រុមការងារ ក៏ដូចជាគណៈកម្មការ និងអនុគណៈកម្មការ ពិសេសអាជ្ញាធរក្រុងកំពតដែលជាកន្លែងប្រារព្ធពិធីបុណ្យសមុទ្រ ត្រូវរៀបចំពិនិត្យ និងកែលម្អសោភណ្ឌភាពក្រុងឱ្យបានស្អាត និងទាក់ទាញ ដោយរៀបចំភ្លើងពណ៌លម្អតាមទីសាធារណៈ សួនច្បារសំខាន់ៗ ដើម្បីជំរុញឱ្យមានការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះឱ្យបានកាន់តែច្រើន។ ឯកឧត្តមអភិបាលខេត្តបានបន្តថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តបាននឹងកំពុងរៀបចំភ្លើងពិដាន ដោយមានចងគោមភ្លើងព្រមទាំងភ្លើងចំរុះពណ៌ប្រវែង ២ពាន់ម៉ែត្រដោយចាប់ពីចំណុចគល់ស្ពានថ្មី រហូតដល់មុខសាលាខេត្ត។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានស្នើឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថានឱ្យបានស្អាតជានិច្ច ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងលើកមុខមាត់ខេត្តកំពតយើង ព្រោះយើងទាំងអស់គ្នាគឺជាម្ចាស់ផ្ទះរៀបចំកម្មវិធី ហើយការពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក៏ត្រូវរៀបចំចាប់ពីថ្ងៃនេះទៅផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវត្រួតពិនិត្យ និងផ្សព្វផ្សាយដល់សេវាករទេសចរណ៍នៅទូទាំងខេត្ត សូមកុំឱ្យមានការតម្លើងថ្លៃម្ហូបអាហារ កន្លែងស្នាក់នៅ ពិសេសត្រូវបង្កើតឱ្យមានលេខទូរសព្ទ Hotline ឬទំព័រហ្វេសបុក ដើម្បីទទួលយកព័ត៌មានពីការតម្លើងថ្លៃហួសហេតុដែលពុំអាចទទួលយកបាន មុនពេល កំឡុងពេល និងក្រោយពេលនៃពិធីបុណ្យសមុទ្រ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កម្មវិធីបើកជាផ្លូវការនឹងប្រព្រឹត្តិទៅនាថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ហើយព្រឹត្តិការណ៍ជាតិដ៏មានមោទនភាព និងសោមនស្សរីករាយនេះ នឹងមានសកម្មភាពសំខាន់ៗសម្រាប់ការទស្សនា និងកម្សាន្តជាច្រើនដូចជា៖ ១.ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ដោយមានការចូលរួមពីសំណាក់ក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុជកាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤, ២.សកម្មភាពកីឡា និងការប្រកួតកីឡាគ្រប់ប្រភេទ, ៣.ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារ ភេសជ្ជៈ ព្រមទាំងសកម្មភាពកម្សាន្តនានាផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង




























Post a Comment

0 Comments