Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជំនាញនិងសមត្ថកិច្ចរំពឹងថាថ្ងៃបុណ្យភ្ជុំបិណ្ឌភ្ញៀវទេសចរនឹងមកលេងខេត្តកំពតយ៉ាងច្រើនជាងឆ្នាំមុនៗ

អាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងមន្ត្រីក្នុងដែនជំនាញបានព្យាករណ៍ថា ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងចូលមកដល់នាពេលខាងមុខនេះ ខេត្តកំពតនឹងមានភ្ញៀវទេសចរចូលមកសម្រាកកម្សាន្តមានបរិមាណច្រើនលើសលប់។ អ្វីដែលជាការយកចិត្តទុកដាក់ក្នុងនាមជាម្ចាស់ផ្ទះនោះ គឺគ្រប់ផ្នែកដែលពាក់ព័ន្ធត្រូវបានគិតគូរជាចម្បងលើបញ្ហាសោភ័ណភាព សុវត្ថិភាព និងតម្លៃសេវាកម្ម។

អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានមានប្រសាសន៍ថា ទឹកឈូគឺជាស្រុកមួយដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ ដែលមានភូមិសាស្ត្រហ៊ុមព័ទ្ធជុំវិញក្រុងកំពត។ សម្រាប់ឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោកអភិបាលស្រុករំពឹងថា ភ្ញៀវទេសចរជិតឆ្ងាយនឹងចូលមកលេងកម្សាន្តនៅខេត្តកំពតមានបរិមាណច្រើនជាងបណ្តាឆ្នាំមុន ព្រោះក្រោមការដឹកនាំ និងកិច្ចដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្ត សមិទ្ធផលដែលបម្រើឱ្យវស័យឧស្សាហកម្មគ្មានផ្សែងតែងកើតឡើងជាបន្តបន្ទាប់។ លោកអភិបាលស្រុកបានបន្តថា ក្នុងចំណោមទេសចរសរុប លោករំពឹងថាភ្ញៀវនឹងមានវត្តមានលើភូមិសាស្ត្រស្រុកទឹកឈូក្នុងកម្រិតភាគរយច្រើនលើសលប់ ហើយអាជ្ញាធរស្រុកបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ពិសេសការរៀបចំនៅតាមតំបន់រមណីយដ្ឋាន កន្លែងកម្សាន្តនានា ដោយផ្តោតលើការរក្សានូវបរិស្ថានស្អាត សេវាកម្មល្អ និងតម្លៃសមរម្យដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះដែរ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ថា កំពតជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ដែលបច្ចុប្បន្នកាន់តែមានភាពទាក់ទាញខ្លាំងក្រោយពីសមិទ្ធផលទេសចរណ៍ថ្មីៗ ប្លែកៗ គួរឱ្យទាក់ទាញបានលេចចេញជារូបរាង ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្ត ម្ល៉ោះហើយលោករំពឹងថា នាថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ខេត្តកំពតនឹងមានទេសចរមកលេងច្រើនជាងឆ្នាំមុនៗ។ លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា កំពត ក្រោយពីសមិទ្ធផលទេសចរណ៍ថ្មីៗរួមមាន រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិការយក្ស កំណើនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តមានការកើនឡើងខ្លាំង ដែលក្នុងមួយសប្តាហ៍ខេត្តមានភ្ញៀវទេសចរមកលេងកម្សាន្តប្រមាណជាង ៤ម៉ឺននាក់ ទៅជាង ៥ម៉ឺននាក់។

ទន្ទឹមឹនឹងនោះដែរ លោកវរសេនីយ៍ឯក ពុធ ស៊ឺង នាយការិយាល័យចរាចរណ៍ផ្លូវគោកបានប្រាប់ឱ្យដឹងថា បន្ថែមលើកិច្ចការពារសុវត្ថិភាពពលរដ្ឋ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលជារដូវកាន់បិណ្ឌ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនគរបាលខេត្ត បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងនគរបាលចរាចរណ៍ឱ្យបង្កើនការអនុវត្តភារកិច្ចរបស់ខ្លួន ក្នុងការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ទាំងក្នុងពេល និងក្រោយពេលបុណ្យភ្ជុំបិណ្ឌ។ ក្នុងនោះកម្លាំងជំនាញត្រូវបង្កើនការទទួលខុសត្រូវលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវដែលចូលមកកម្សាន្ត ឬធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្តកំពត។ ហើយគ្រប់គោលដៅត្រូវតែបញ្ចៀសឱ្យបាននូវករណីកកស្ទះចរាចរដែលជារូបភាពមួយបង្កភាពធុញទ្រាន់សម្រាប់ភ្ញៀវមកពីទីជិតឆ្ងាយ៕

អត្ថបទ និង​រូបភាព៖​ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments