Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ភ្ជុំបិណ្ឌឆ្នាំនេះ រដ្ឋបាលខេត្តកំពតវេចនំប្រពៃណីខ្មែរប្រើអង្ករសណ្តែកចេកសាច់អស់ជិត១តោន

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តកំពត បានរៀបចំពិធីវេចនំប្រពៃណីខ្មែរ សម្រាប់ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងដឹកនាំវេចដោយផ្ទាល់ពីសំណាក់ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន និងមានការចូលរួមវេច ពីមន្ត្រីរាជការសាលាខេត្ត ប្រជាពលរដ្ឋចាស់ទុំក្នុងភូមិ  ក្រុមយុវជន និងសមាគមនានានៅក្នុងខេត្ត  ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។

នាយករដ្ឋបាលសាលាខេត្ត លោក ឃុត ឧសភា បានបញ្ជាក់ថា ពិធីវេចនំខ្មែរ កាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅឆ្នាំ២០២៤នេះ មានវេចនំអន្សមជ្រូក និងអន្សមចេក ដោយប្រើ អង្ករដំណើប៥០០គីឡូ សាច់ជ្រូក ១៥០គីឡូ សណ្តែកបាយ១០០គីឡូ ខ្ទិះដូង៦០គីឡូ ចេគ៤០ស្និត  និងស្លឹកចេក១០០គីឡូ ។ លោកនាយករដ្ឋបាលបានបន្តថា  ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន  រដ្ឋបាលខេត្តតែងតែបានរៀបចំពិធីជួបជុំវេចនំប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំ ដើម្បីមានឱកាសជួបជុំគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ នៅមុនថ្ងៃបុណ្យភ្ជុំបិណ្ឌផង  ដើម្បីបាននំអន្សម សម្រាប់ហូបជុំគ្នា  យកទៅវត្ត និងផ្ញើជូនលោកឱពុក អ្នកម្តាយចាស់ៗនៅផ្ទះផង   ពិសេសចង់បណ្តុះផ្នត់គំនិត ដល់មន្ត្រីរាជការ យុវជនជំនាន់ក្រោយ  ក៏ដូចជាប្រជាពលរដ្ឋឲ្យស្រឡាញ់ និងថែរក្សាវប្បធម៌ ប្រពៃណីជាតិខ្មែរ  តាមរយៈការរៀន និងបង្រៀនវេចនំប្រពៃណី (មនុស្សចាស់ទុំ ជួយបង្រៀន បង្ហាត់បង្ហាញទៅក្មេងៗជំនាន់ក្រោយ ឲ្យចេះវេចនំដែរ) ។

លោកនាយករដ្ឋបាលបន្ថែមថា ជ្រកក្រោមម្លប់ នៃសន្តិភាពរបស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងគ្រប់ជ្រុងជ្រោយរបស់ឯកឧត្តមអភិបាលខេត្ត មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ពិតជាសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំង ចំពោះសមិទ្ធផលនានារបស់ខេត្ត ដែលបានលើកកម្ពស់ដល់ជីវភាពប្រជាពលរដ្ឋ និងលើកកម្ពស់វប្បធម៌ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ កុំឲ្យបាត់បង់៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

































Post a Comment

0 Comments