Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ព្រះសង្ឃនិងមន្ត្រីជំនាញរំពឹងថាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះខេត្តកំពតនឹងមានពុទ្ធបរិស័ទចូលរួមច្រើនជាងឆ្នាំមុន

សម្រាប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ការរៀបចំតុបតែងលម្អនៅតាមទីវត្តអារាមក្នុងខេត្តកំពតមានភាពល្អប្រសើរ ខណៈដែលព្រះសង្ឃ និងមន្ត្រីជំនាញរំពឹងថា ប្រជាពុទ្ធបរិស័ទ នឹងចូលរួមក្នុងការធ្វើបុណ្យនៅតាមវត្តអារាមច្រើនជាងឆ្នាំមុនៗ ដោយសារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។ 

ព្រះធម្មចារី ហ៊ីង សុង ធម្មធម៌គណខេត្តកំពត និងជាព្រះគ្រូសូត្រស្តាំវត្តជុំគ្រៀល ក្នុងស្រុកទឹកឈូ បានមានសង្ឃដីការថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពុទ្ធបរិស័ទ ព្រោះវាជាឱកាសមួយសម្រាប់ញ៉ាំងឱ្យសទ្ធាឱ្យផុសឡើង ក្នុងការជួបជុំបំពេញនូវអំពើល្អរួមគ្នា និងបានជួយឧបត្តមដល់ដល់ព្រះសង្ឃផងដែរ។ ដូច្នេះហើយ ទើបទីវត្តអារាមវត្តជុំគ្រៀល បានរៀបចំតុបតែងលម្អរួចរាល់អស់សម្រាប់ញ៉ាំងសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទ។

ព្រះអង្គបានបន្ថែមថា សម្រាប់កម្មវិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តជុំគ្រៀល និងតាមបណ្តាវត្តនានាក្នុងខេត្ត គឺនៅព្រឹកម៉ោង៤ ព្រះសង្ឃត្រូវធ្វើកិច្ចនមស្ការ ពេលពុទ្ធបរិស័ទមកជួបជុំគ្នាហើយមានសូត្រធម៌បរាភវសូត្រ និងធម៌ដា បន្ទាប់មកមានពិធីដង្ហែ និងបោះបាយបិណ្ឌរៀងរាល់ព្រឹក លុះម៉ោង ៧ព្រឹក មានកម្មវិធីប្រគេនយាគូ(បបរ)ជូនព្រះសង្ឃ និងមានពិធីរាប់បាត្រលើសាលាឆាន់រាល់ថ្ងៃផងដែរ ដល់ម៉ោង ១០កន្លះព្រឹក វេរចង្ហាន់ជូនដល់ព្រះសង្ឃ  ហើយពេលល្ងាចមានពិធីសូត្រមន្ត និងសម្តែងព្រះធម្មទេសនាផងដែរ។ ព្រះអង្គរំពឹងថា សម្រាប់ឆ្នាំនេះ ប្រជាពុទ្ធបរិស័ទនឹងមកចូលរួមក្នុងពិធីបុណ្យនេះច្រើនជាងឆ្នាំមុនៗ។

ប្រធានមន្ទីរធម្មការ និងសាសនា លោក នាក់ យិតថូ បានប្រាប់ឱ្យដឹងថា សម្រាប់ការរៀចំតុបតែងលម្អនៅតាមវត្តអារាមទាំង ២៧៤វត្តនៅទូទាំងខេត្តកំពត មានភាពសមរម្យ ហើយបើតាមការសង្កេតជាក់ស្តែង បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ នឹងមានប្រជាពុទ្ធបរិស័ទទៅវត្តច្រើនជាងឆ្នាំមុនៗ ដោយសារតែសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋនៅក្នុងខេត្តកំពតមានភាពល្អប្រសើរ ហើយបញ្ហាកង្វះចង្ហាន់ក៏ប្រហែលជាមិនកើតមានឡើងផងដែរ សម្រាប់ឆ្នាំនេះ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

















Post a Comment

0 Comments