Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អ្នកផ្តល់សេវាផ្នែកទេសចរណ៍ក្នុងខេត្តកំពតកំពុងខិតខំពង្រឹងនិងពង្រីកសេវាកម្មរបស់ខ្លួនដើម្បីត្រៀមទទួលភ្ញៀវទេសចរក្រោយកំណើតភ្ញៀវមានការកើនឡើង

ក្រុមអ្នកប្រកបរបរលើវិស័យទេសចរណ៍នៅក្នុងខេត្តកំពត បានបង្ហាញក្តីសប្បាយរីករាយ និងសាទរចំពោះរដ្ឋបាលខេត្ត ដែលបានយកចិត្តទុកដាក់ បង្កើតសមិទ្ធផលឯកជាបន្តបន្ទាប់ ធ្វើឱ្យកំណើនភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើន។ ទន្ទឹមគ្នានេះ ពួកគេក៏កំពុងតែខិតខំរៀបចំបង្កើនទាំងគុណភាព សេវាកម្ម ការបដិសណ្ឋាកិច្ច និងតម្លៃជាដើម ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ដែលនឹងមកកម្សាន្តពេលបុណ្យភ្ជុំ អុំទូក បុណ្យសមុទ្រ និងឆ្លងឆ្នាំខាងមុខ។

ម្ចាស់ផ្ទះលំហែឆ្នេរចុងប៉ូច  និងអាហារដ្ឋានកំពតស៊ីហ្វូដ លោក អេង លីផេង បានឱ្យដឹងថា ដោយមើលឃើញថារដ្ឋបាលខេត្តបានយកចិត្តទុកដាក់ និងជួយលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការបង្កើតសមិទ្ធផលឯក មានដូចជា រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាធំហើយខ្ពស់ជាងគេនៅកម្ពុជា ព្រមទាំងសមិទ្ធផលជាច្រើនទៀតដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្តកាន់តែច្រើននោះ អ្នកប្រកបរបររកស៊ីលើវិស័យទេសចរណ៍ រួមទាំងលោកផង បាននិងកំពុងប្រឹងប្រែងរៀបចំកន្លែងរបស់ខ្លួនឱ្យបានស្អាត់ មានភាពទាក់ទាញ និងសម្បូរបែបដែរជាងមុន សម្រាប់ត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក បុណ្យសមុទ្រដែលខេត្តកំពតនិងធ្វើជាម្ចាស់ផ្ទះ ពិសេសនោះគឺបុណ្យឆ្លងឆ្នាំនាពេលខាងមុខ។
 
ចំណែកលោក សុខ វីដា  ជាអ្នកគ្រប់គ្រងនៅរមណីយដ្ឋានដូងទេ ក៏បានបង្ហាញក្តីរំភើបរីករាយចំពោះការរីកចម្រើនលើវិស័យទេសចរណ៍ក្នុងខេត្តកំពត ដែលមានឯឯ ម៉ៅ ធនិន ជាអភិបាលខេត្ត ដែលឯកឧត្ដមមានគំនិតឆ្លាតវៃក្នុងការដឹកនាំ បង្កើតជាសមិទ្ធផលថ្មីៗ ប្លែកៗ ទាក់ភ្នែក ទាក់ចិត្តទេសចរឱ្យមកលេងខេត្តកំពតកាន់តែច្រើន។ ហើយដើម្បីចូលរួមចំណែក ក្នុងការលើកម្ពស់វិស័យទេសចរណ៍ឱ្យកាន់តែប្រសើរទៀតនោះ រមណីយដ្ឋានដូងទេ ក៏មិនខុសពីកន្លែងផ្សេងៗទៀតដែរ គឺកំពុងតែខិតខំធ្វើយ៉ាងណាលើកមុខមាត់ខេត្ត ពិសេសពេលភ្ញៀវចូលមកដល់ដូងទេម្តងហើយ នឹកឃើញ ហើយចង់មកលេងកម្សាន្តម្តងទៀត។

ដោយឡែក ភ្ញៀវទេសចរដែលមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត ម្ចាស់បឹងហ្គាឡូ រីសត និងរមណីយដ្ឋាននានាក្នុងខេត្ត ថាពូកកែក្នុងការរៀបចំតុបតែងកន្លែង ដែលធ្វើឱ្យគាត់ជាអ្នកមកលេងកម្សាន្តមិនចេះធុញទ្រាន់។ ភ្ញៀវទេសចរបានបន្តថា ឆ្នាំនេះពិតជាពិសេសណាស់ ដែលខេត្តមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាធំហើយខ្ពស់ជាងគេទៀត និងកាន់តែពិសេសនោះក្នុងឱកាសនៃពិធីបុណ្យទានខាងមុខ កំពតជាជម្រើសទី១របស់ពួកគាត់ក្នុងការមកសម្រាកលម្ហែកម្សាន្ត។

តាមការបញ្ជាក់របស់ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចេរណ៍ខេត្តកំពតបានឱ្យដឹងថា ឆ្នាំនេះ ខេត្តកំពតនឹងមានភ្ញៀវទេសចរមកសម្រាកកម្សាន្តមិនក្រោម ២,៥លាននាក់នោះទេ ដោយសារខេត្តមានសមិទ្ធផលទេសចរណ៍ថ្មីៗ ប្លែកៗ និងអ្នកផ្តល់សេវាទេសចរណ៍ក្នុងខេត្តសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរបានល្អ ក្នុងការរួមគ្នាជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានសន្ទុះខ្លាំងឡើង៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

















Post a Comment

0 Comments