Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សប្តាហ៍កន្លងទៅនេះខេត្តកំពតមានភ្ញៀវទេសចរមកលេងកម្សាន្តកើនឡើងខុសធម្មតាក្រោយមាននាឡិកាខ្នាតធំ

មួយសប្តាហ៍ចុងក្រោយនៃខែសីហា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរបានមកលេងកម្សាន្តនៅក្នុងខេត្តកំពតមានកំណើនខ្ពស់ បើប្រៀបធៀបនឹងបណ្តាសប្តាហ៍កន្លងទៅ ពិសេសក្រោយពេលនាឡិកាខ្នាតធំ និងខ្ពស់ជាងគេសម្រាប់កម្ពុជានៅក្នុងក្រុងកំពតដំឡើងរួចរាល់កាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅនេះ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកលេងកម្សាន្តក្នុងខេត្តកំពតមានចំនួន ៤៣.៨៤០នាក់ ដែលបរិមាណនេះមានការកើនឡើងខ្ពស់ ពិសេសចន្លោះក្រោយពីការស្ថាបនានាឡិកាខ្នាតធំសម្រេចរួចរាល់។ លោកប្រធានមន្ទីរបានបន្តថា លទ្ធផលពោរពេញដោយមោទកភាពនេះ គឺអាស្រ័យលើការដឹកនាំដ៏ប៉ិនប្រសប់ និងភាពច្នៃប្រឌិតខ្ពស់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត រហូតធ្វើឱ្យខេត្តកំពតរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ដោយផ្អែកលើសន្ទុះភ្ញៀវទេសចរដែលមានការកើនឡើងយ៉ាងគំហុកបែបនេះ ក្នុងនាមមន្ទីរ លោករំពឹងថាពេញមួយឆ្នាំ២០២៤ ខេត្តកំពតអាចមានភ្ញៀវទេសចរចូលមកលម្ហែកម្សាន្ត និងស្នាក់អាស្រ័យយ៉ាងហោចណាស់ក៏បានចំនួន ២លាន៥សែននាក់ដែរ ខណ:ដែល៨ខែឆ្នាំ២០២៤កន្លងទៅនេះ ខេត្តមានភ្ញៀវទេសចរបានមកលេងកម្សាន្តមានប្រមាណ ១,៦លាននាក់។

ក្រុមភ្ញៀវទេសចរដែលមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការចាប់អារម្មណ៍ថា ពួកគាត់ពេញចិត្តចំពោះការរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការរៀបចអនាម័យបរិស្ថាន ពិសេសការរៀបចំច្នៃប្រឌិដ្ឋបង្កើតសមិទ្ធផលឯកសម្រាប់ខេត្តដែលធ្វើឱ្យមានភាពទាក់ទាញទាំងនេះ។ ក្រុមភ្ញៀវទេសចរបានបន្តថា ខេត្តកំពតពិតជាមានការអភិវឌ្ឍឆាប់រហ័យ ហើយស្អាតប្លែកស្ទើតែមិនជឿ ព្រោះពួកគាត់ធ្លាប់មកលេងកម្សាន្តពីមុនដែរ តែមិនស្អាតដូចបច្ចុប្បន្ននេះទេ។

សូមបញ្ជាក់ថា កំពតជាខេត្តគោលដៅទេសចរណ៍ដ៏មានសក្តានុពលបំផុតក្នុងចំណោមខេត្តទាំង៤ដែលជាប់នឹងមាត់សមុទ្ររបស់កម្ពុជា។ តាមរយ:សមិទ្ធផលបម្រើឱ្យវិស័យទេសចរណ៍ដែលបានកើតឡើងជាបន្តបន្ទាប់ ខេត្តកំពតនឹងកាន់តែទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តច្រើនបន្ថែមទៀត ហើយក៏នឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែមានភាពល្អប្រសើជាងមុនបន្ថែមទៀត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង















Post a Comment

0 Comments