ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើឱ្យខេត្តកំពតមានការរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ ដោយឡែក ចំពោះវិស័យទេសចរណ៍ ត្រូវឯកឧត្ដមអភិបាលខេត្តចាត់ទុកជាវិស័យចម្បង និងត្រូវមានការអភិវឌ្ឍមុនគេ ហើយលោកអភិបាលខេត្តក៏បានផ្តួចផ្តើមគំនិត ដោយមានការរៀបចំតុបតែងលម្អសួនច្បារ ឆ្នេរខ្សាចកម្សាន្ត និងបង្កើតសមិទ្ធផលឯកថ្មីៗជាបន្តបន្ទាប់ ដូចជារូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាធំហើយខ្ពស់ជាងគេនៅកម្ពុជាជាដើម ដែលបានធ្វើឱ្យលំហូរភ្ញៀវទេសចរមកលេងខេត្តកំពតកាន់តែច្រើន និងមិនចេះដាច់។ លោកបានបញ្ជាក់ថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៤នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ១,៦លាននាក់ ហើយដោយសារខេត្តមានសមិទ្ធិផលឯកបន្ថែមមួយទៀត គឺនាឡិកាធំហើយខ្ពស់ជាងគេ និងព្រឹត្តិការណ៍បុណ្យសមុទ្រផងនោះ ចំនួនភ្ញៀវទេសចរនឹងអាចមានការកើនដល់ ២,៥លាននាក់ក្នុងឆ្នាំ២០២៤នេះ។
ពាក់ព័ន្ធនឹងសមិទ្ធផលទេសចរណ៍ថ្មីៗ ប្លែកៗគួរឱ្យទាក់ទាញនៅក្នុងខេត្តកំពត ដែលបានលេចចេញជារូបរាងជាបន្តបន្ទាប់នោះ ភ្ញៀវទេសចរដែលមកពីរាជធានីភ្នំពេញបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគាត់ពេញចិត្តចំពោះការរៀបចំទាំងការងារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន ពិសេសការរៀបចំច្នៃបង្កើតសមិទ្ធផលឯកសម្រាប់ខេត្ត ព្រោះស្អាតហើយទាក់ទាញ។ ក្រុមភ្ញៀវទេសចរក៏បានស្នើឱ្យអាជ្ញាធរខេត្តបន្តប្រឹងប្រែងបន្ថែមទៀត ខណៈដែលយុវជនម្ចាស់ស្រុក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានបង្កើតសមិទ្ធផលឯកទាំងពីរ សម្រាប់ទាក់ទាញទេសចរបង្កើនប្រាក់ចំណូលដល់ពលរដ្ឋ។កន្លងមកថ្មីៗនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពតបានលើកឡើងថា កំពតជាខេត្តគោលដៅទេសចរណ៍ដ៏សម្បូរបែបដែលមានសក្តានុពលបំផុតមួយ ក្នុងចំណោមខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា។ ខេត្តនេះទទួលបានពានរង្វាន់ទីក្រុងស្អាតផ្ការំដួល៣ទងផង និងពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានផងដែរ។ បើតាមការព្យាករណ៍របស់ឯកឧត្ដម កំពត នឹងក្លាយជាខេត្តគោលដៅទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវឱ្យមកសម្រាកលម្ហែច្រើនជាងគេរបស់កម្ពុជា៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments