កាលពីសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំសមាជិកាសមាគម និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះសួរសុខទុក្ខគ្រួសារស្ត្រីដែលសម្រាលបានកូនភ្លោះ៣ (ប្រុសទាំងប ៣នាក់) ដែលមានគេហដ្ឋាននៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ តាមរបាយការណ៍របស់អាជ្ញាធរក្រុងកំពត បានឱ្យដឹងថា គ្រួសារដែលបានសម្រាលបានកូនភ្លោះ៣នាក់នោះ មានឪពុកឈ្មោះ នៅ ប៊ុនស៊ុ ម្តាយឈ្មោះ យ៉ បញ្ញា បានប្រសូត្រកូនភ្លោះប្រុស៣ ទី១ឈ្មោះ នៅ ប៊ុន សេង, ២.នៅ ប៊ុនសល, និងទី៣ នៅ ប៊ុន សារ។
មានមតិសំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន បានសម្តែងនូវការចូលរួមត្រេកអរ និងអបអរសាទរចំពោះក្រុមគ្រួសារ ដែលប្រសូត្របានកូនប្រុសបីនាក់ ដែលគួរឱ្យស្រឡាញ់ និងប្រកបដោយសុវត្ថិភាព។ ក្នុងឱកាសនោះដែរលោកជំទាវក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តខេត្តកំពត ពិសេសសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរ ដល់សុខទុក្ខ និងជួយលើកកម្ពស់សិទ្ធិ និងសុខមាលភាពរបស់បងប្អូនស្ត្រីនិងកុមារ។ ដោយឡែកសម្រាប់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត កន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ សុខភាព ជីវភាពរបស់ស្ត្រី តាមរយៈការចុះសួរសុខទុក្ខ និងនាំយកសភារៈ ថវិកាមួយចំនួន ជូនដល់ស្ត្រីក្រីក្រ ស្ត្រីរងគ្រោះ និងងាយរងគ្រោះនៅតាមមូលដ្ឋានផងដែរ និងបានជំរុញលើកទឹកចិត្តដល់ស្ត្រីដែលជាមន្ត្រីរាជការ ឲ្យមានការចូលរួមចំណែក ក្នុងកិច្ចការងារសង្គមផងដែរ ជាក់ស្តែងដូចក្នុងពេលនេះផ្ទាល់ ។លោកជំទាវបានណែនាំដល់ លោក នៅ ប៊ុនស៊ុ ពិសេសស្ត្រីជាម្តាយត្រូវខិតខំថែទាំសុខភាពខ្លួនឯង និងសុខភាពរបស់កូនតូចៗឱ្យបានល្អ និងយកកូនទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីទទួលបានការថែទាំសុខភាព និងទទួលវ៉ាក់សាំងបង្ការជំងឺផ្សេងៗ។
ក្នុងឱកាសនោះ លោកជំទាវក៏បាននាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈរួមមាន៖ ទឹកត្រី ១យួរ មី ១កេស អង្ករ ២០គីឡូ ត្រីខ ១យួរ ម្សៅទឹកដោះគោ ៣កំប៉ុង សាប៊ូលាងកំប៉ុង ទឹកដោះគោ ១ដប ម្សៅលាបខ្លួនក្មេង ២ដប សាប៊ូលាងខ្លួន ២ដប ខោអាវ ៦ឈុត មួក ៣ឈុត ស្រោមដៃ និងស្រោមជើង ៣ឈុត រួមនឹងថវិកា ២លាន ៤០ម៉ឺនរៀលផងដែរ៕
0 Comments