ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នាសាលាស្រុកដងទង់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា អស់រយៈកាលជាច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋស្ទើរគ្រប់តំបន់មិនមានបណ្ណកម្មសិទ្ធិលើដីធ្លី និងផ្ទះសម្បែង ដែលធ្វើឱ្យការប្រើប្រាស់ដីធ្លី និងការទាញយកប្រយោជន៍ពីដីធ្លីមិនអស់សក្តានុពលនៃដី។ ឯកឧត្តមអភិបាលខេត្តបានគូបញ្ជាក់ថា ដោយសារប្រទេសជាតិបានយើងកើតមានសង្គ្រាមជាបន្តបន្ទាប់ ដែលបង្ខំឱ្យប្រជាពលរដ្ឋត្រូវរត់ភៀសខ្លួនពីតំបន់មួយទៅតំបន់មួយ ជាក់ស្តែងជំនាន់ ប៉ុល ពត កម្មសិទ្ធិលើដីធ្លីទាំងអស់ត្រូវបានដកហូត និងដាក់បញ្ចូលជាកម្មសិទ្ធិសមូហភាព។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូលមានសន្តិភាពពេញលេញ។ ហើយក្រោមការដឹកនាំប្រកបដោយឆន្ទៈ និងមនសិកាស្នេហាជាតិមាតុភូមិ និងការស្រលាញ់ប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់វិស័យដីធ្លី ក្នុងនោះរាជរដ្ឋាភិបាលបានជំរុញការអនុម័តច្បាប់ភូមិបាល ឆ្នាំ២០០១ និងបានចេញលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីទាំងដីរបស់រដ្ឋ ឯកជន វត្ត និងដីសហគមន៍ជនជាតិដើមភាគតិច ជាដើម។ល។ បន្ទាប់ពីមានគោលការណ៍ច្បាប់គ្រប់គ្រាន់ហើយរាជរដ្ឋាភិបាលបានជំរុញការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិតាមរយៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបានបង្កើតយុទ្ធនាការចុះវាស់វែងដីធ្លីចេញបណ្ណកម្មសិទ្ធិតាមបទបញ្ជាលេខ ០១បប ដែលជាលទ្ធផល គិតតាំងពីពេលចាប់ផ្តើមរហូតមកទល់ពេលនេះ ការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិនៅទូទាំងប្រទេសសម្រេចបានប្រមាណ ៩៧,២% ធៀបនឹងក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី។យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ស្រុកដងទង់មានចំនួន ១០ឃុំ ស្មើនឹង ៥៤ភូមិ ហើយបានចាប់ដំណើរការធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចាប់ពីឆ្នាំ២០០៩ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖ ប្រកាសតំបន់វិនិច្ឆ័យ និងវាស់វែងប្រមូលទិន្នន័យបញ្ចប់ទាំងស្រុងទាំង ៥៤ភូមិ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ៧៥,៤២៤ក្បាលដី ក្នុងនោះមានការចែកបណ្ណរួចរាល់ជូនប្រជាពលរដ្ឋបានចំនួន ៤០ភូមិ ស្មើនឹង ៥០,៩១០ក្បាលដី(ស្មើ ៦៧,៥០%) កំពុងដំណើការបិទផ្សាយមិនទាន់ចប់ ត្រៀមចែកបណ្ណពេលបន្តបន្ទាប់ទៀតមានចំនួន ០៥ភូមិ ស្មើ ១១,៤១៧ក្បាលដី(ស្មើ១៥,១៤%) ភូមិកំពុងដំណើរការពិនិត្យសម្អាតទិន្នន័យមិនទាន់បិទផ្សាយចំនួន ០៩ភូមិ ស្មើនឹង ១៥,៣៦៩ក្បាលដី(ស្មើ១៧,៣៧%)
ចែកបណ្ណក្នុងថ្ងៃនេះមាន ១ភូមិ គឺភមិបើន ឃុំល្អាង មានក្បាលដីចំនួន ២,២៧៥ក្បាលដី និងបណ្ណនៅសេសសល់តិចតួចតាម ភូមិចំនួន ២៦ភូមិ និងបណ្ណពន្ធសូន្យរបស់សម្តេចផ្តល់ជូនពលរដ្ឋសរុបមានចំនួន ៧,១៤៤បណ្ណ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments