នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានបន្តធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ករណីដែលនៅសេសសល់មួយចំនួន នៅសាលមហាជន សាលាខេត្តកំពត ក្រោយពីទំនាស់ ធំ-តូច ប្រមាណជិត ៣ពាន់ករណីត្រូវបានដោះស្រាយបញ្ចប់ ពិសេសវិវាទដីធ្លីធំៗ (ទំនាស់ដីធ្លីរវាងក្រុមហ៊ុន និលងប្រជាពលរដ្ឋ) ហើយទទួលបានការគាំទ្រពីគ្រប់ភាគី។
មានមតិមុននឹងចាប់ផ្តើមដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចទាំងពីរ តែងតែជំរុញ និងដាក់ចេញនូវគោលការណ៍ ពិសេសកិច្ចចង្អុលការដោយផ្ទាល់មកកាន់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលមាន អាជ្ញាធរខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ឱ្យខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានផុលផុស និងឱ្យមានប្រសិទ្ធិភាព ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត កាត់បន្ថយការចំណាយពេលវេលា និងថវិកា ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្រផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានប្រាប់ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកដែលបានប្តឹងផ្តល់រួចមកហើយ និងអ្នកដែលមិនទាន់បានប្តឹងផ្តល់គ្នា សូមគិតពិចារណាឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុតមុនដាក់ពាក្យបណ្តឹង ព្រោះការមានទំនាស់រវាងគ្នានឹងគ្នា គឺមិនបានផ្តល់នូវផលល្អសម្រាប់គូរភាគីណាមួយនោះឡើយ មានតែធ្វើឱ្យយើងខាតបង់ពេលវេលា ខាតបង់ប្រាក់កាស់ សេដ្ឋកិច្ចគ្រួសារធ្លាក់ចុះជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងខេត្ត ត្រូវព្យាយាមដោះស្រាយបញ្ចប់វិវាទនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានចប់ត្រឹម ឃុំ-សង្កាត់ ឬក្រុង-ស្រុករបស់ខ្លួន ដើម្បីកាត់បន្ថយការចំណាយពេលវេលា ឬថវិការបស់ពលរដ្ឋ។
ប្រជាពលរដ្ឋដែលទទួលបានការដោះស្រាយបញ្ចប់វិវាទបានលើកឡើងថា ការដោះស្រាយរបស់ឯកឧត្តមអភិបាលខេត្ត គឺស្ថិតលើសុភវិនិច្ឆ័យ និងថ្លឹងថ្លែងយ៉ាងត្រឹមត្រូវ អ្នកខុសគឺខុស អ្នកត្រូវគឺត្រូវ ហើយការដោះស្រាយមិនមានភាពលំអៀងទៅភាគីណាមួយនោះឡើយ។ ប្រជាពលរដ្ឋបានធ្វើការថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានខិតខំចំណាយពេលវេលាដ៏មានតម្លៃធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយមិនចាំបាច់ទៅដល់ស្ថាប័នតុលាការ។
សូមបញ្ជាក់ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រាប់ថ្ងៃនេះ មានចំនួន ១៣ករណី ដែលសុទ្ធសឹងជាករណីទំនាស់ដីកេរ្តិ៍មរតក រវាងកូនៗ និងឪពុកម្តាយ រវាងបងប្អូន ហើយត្រូវបានដោះស្រាយបញ្ចប់ដោយប្រើរយៈពេលជិតពេញមួយថ្ងៃ។ ក្នុងវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ក៏មានការអញ្ចើញចូលរួមពីឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មេធាវីប្រចាំសាលាខេត្ត ពិសេសអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments