អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានមានប្រសាសន៍ថា ដោយមើលឃើញថា “ឈាម” ជាតម្រូវការដ៏ចាំបាច់សម្រាប់គ្រប់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ ហើយ “ឈាម” មិនអាចមានការលក់ដូរបាននៅលើទីផ្សារផងនោះ ទើបរដ្ឋបាលស្រុកទឹកឈូ បានដឹកនាំមន្ត្រីសាលាស្រុក និងក្រុមយុវជន ស.ស.យ.ក ស្រុកចំនួន ៤០នាក់ មកបរិច្ចាគឈាមនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល។ ហើយការបរិច្ចាកឈាមនេះ គឺជាយុទ្ធនាការមួយ ដើម្បីផ្តល់ឈាមផង និងដើម្បីផ្សព្វផ្សាយជំរុញឱ្យការបរិច្ចាគឈាម ក្លាយទៅជាទម្លាប់ ប្រពៃណី និងជាវប្បធម៌ ជួយសង្គ្រោះជីវិតមនុស្សផង។
ជាមួយគ្នានេះដែរ នាយិកាមន្ទីរពេទ្យអនុវស្សារីយ៍ ស៊ុនយ៉ាឃៀល ខេត្តកំពត លោកស្រីវេជ្ជបណ្ឌិត សុភាព មេត្តាមករា បានលើកឡើងថា ការបរិច្ចាគឈាមគឺមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពទេ ដោយសារមុននឹងបរិច្ចាគ ក្រុមគ្រូពេទ្យនឹងធ្វើការពិនិត្យ និងពិគ្រោះយោបល់ផ្នែកសុខភាពយ៉ាងដិតដល់ ដើម្បីធានាថា អ្នកមកបរិច្ចាគគ្មានបញ្ហាសុខភាព។ លោកស្រីនាយិកាបានបន្តថាបច្ចុប្បន្ននៅមន្ទីរពេទ្យ ត្រូវការឈាមច្រើន ដើម្បីយកទៅសង្គ្រោះជីវិតអ្នកជំងឺដែលបាត់បង់ឈាមច្រើន ដូចជាអ្នកគ្រោះថ្នាក់ចរាចរណ៍ អ្នកជំងឺវះកាត់ ស្ត្រីមុននិងក្រោយពេលសម្រាលកូនជាដើម។ លោកស្រីនាយិកបានបញ្ជាក់ថា ការចូលរួមបរិច្ចាគឈាមរបស់មន្ត្រីរដ្ឋបាលស្រុកទឹកឈូនាពេលនេះ ជាគំរូដ៏ល្អមួយដល់ប្រជាពលរដ្ឋខ្មែរ។ ហើយលោកស្រីសូមអំពាវនាវឱ្យប្រជាពលរដ្ឋ មន្ទីរ-អង្គភាព ស្ថាប័នទាំងរដ្ឋ និងឯកជន សូមចូលរួមបរិច្ចាគឈាមឱ្យបានកាន់តែច្រើនបន្តទៀត។បើតាមការបញ្ជាក់របស់លោកស្រីនាយិកាមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល បានឱ្យដឹងថា ចំនួនអ្នកមកបរិច្ចាគឈាមមានការកើនឡើងនាពេលបច្ចុប្បន្ន ហើយក្នុងមួយឆ្នាំៗមន្ទីរពេទ្យទទួលបានអ្នកបរិច្ចាគឈាមជាង ៣០០នាក់។ ហើយចំពោះឈាមដែលបូមពីអ្នកបរិច្ចាគ នឹងត្រូវយកទៅពិនិត្យនៅមន្ទីរពិសោធម្តងទៀត ដើម្បីពិនិត្យមើលថា តើក្នុងឈាមនោះមានជំងឺអ្វីដែរឬអត់ ហើយប្រសិនបើក្នុងករណីមានជំងឺ ឈាមនោះមិនត្រូវបានយកមកប្រើប្រាស់នោះទេ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments