Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ក្រសួងអភិវឌ្ឍន៍ជនបទដាក់ចេញកម្មវិធីអាទិភាពសំខាន់ៗចំនួន៤ ដើម្បីលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌

ថ្លែងក្នុងពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន ០២ខ្សែ ដែលមានប្រវែងសរុប ៤ ៧៥០ម៉ែត្រ ស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍ ក្នុងគោលដៅឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺមានបាវចនាចំនួន៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិត ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ គឺ៖ ១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡាឱ្យក្លាយជាតំបន់ ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ជនបទ។ ២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទឱ្យប្រជាជនជនបទរស់នៅមានភាពថ្លៃថ្នូរ ឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។ ៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។ ៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថាផ្លូវក្រាលដីល្បាយក្រួស ចំនួន ០២ខ្សែខាងលើមានប្រវែងសរុប ៤ ៧៥០ម៉ែត្រ ទទឹងដីស ៨ម៉ែត្រ ក្រាលដីល្បាយក្រួសទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលចំនួន ០៦កន្លែង អនុវត្តន៍សាងសង់ដោយកងវិស្វកម្មលេខ ១៧៩ស្ពាន-ថ្នល់ របស់នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ង៉ែត សុវណ្ណារ័ត្ន នាយករង នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ទទួលបន្ទុកកងលេខ១៧៩៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




















Post a Comment

0 Comments