ឆ្នាំ២០២៤ ជាឆ្នាំដំបូងនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។ អាស្រ័យដូចនេះនេះ នៅឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ត្រូវរួមគ្នាពង្រឹងការប្តេជ្ញាចិត្ត ដើម្បីសម្រេចឱ្យបាន នូវទិសដៅការងារជាអាទិភាពចំនួនបួន ទី១៖ បន្តប្តូរផ្តាច់ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងលើកស្ទួយនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ។ ទី២៖ បន្តជំរុញលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស លើមូលដ្ឋាននៃការ ធានាឲ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ដោយត្រូវផ្សារភ្ជាប់ ដំណើរការប្រជាធិបតេយ្យជាមួយការថែរក្សាការពារឲ្យបាននូវអត្តសញ្ញាណជាតិ សេចក្តីថ្លៃថ្នូរ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អរបស់ជាតិ និងការកសាងភាពសុខដុមរមនាក្នុងសង្គម។ ទី៣៖ បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា ដែលបានកំណត់ក្នុងកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណបញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះរួមទាំងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការសំដៅបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗបន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រប្រកបដោយសមធ៌ម និងចីរភាព និងបរិយាប័ន្ន និងទី៤៖ ខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការផ្តល់ផលប្រយោជន៍ នានាពីការអភិវឌ្ឍ ការផ្តល់នូវកិច្ចគាំពារផ្នែកសង្គមប្រកបដោយសមធម៌ និងការខិតខំដោះស្រាយ បញ្ហាប្រឈម សំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ សំដៅធានាលើកកម្ពស់ការចូលរួម និងភាព ជាម្ចាស់របស់ប្រជាពលរដ្ឋលើកិច្ចការគ្រប់វិស័យក្នុងសង្គម។
នេះបើតាមការលើកឡើងរបស់ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេតកំពត៣រូប នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត ។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសំដែងនូវការអបអរសាទរចំពោះលោក មឿង គង្គា លោកស្រី មុយ វិរ័ត្ន និងលោក ខាន់ សុខា ដែលទទួលការតែងតាំងមុខតំណែងជាអភិបាលរងខេត្តកំពត។ ឯកឧត្តមសង្ឃឹមជឿជាក់ថាអភិបាលរងខេត្ត ដែលទើបទទួលបានការតែងតាំងថ្មី នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានខេត្តកំពតរបស់ឱ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments