ដើម្បីចូលរួមអបអរសាទរថ្ងៃជាប្រវត្តិសាស្រ្ត នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សា គណអភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពត បានប្រារព្វពិធីអបអរសាទរ យ៉ាងអធិកអធម ដោយមានការចូលរួមពីឯកឧត្ដម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងអភិបាលរងខេត្ត អាជ្ញាធរក្រុង-ស្រុក មន្រ្តីរាជាការ កងកម្លាំង ទាំង ៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ជាមួយនឹងពិធីអបអរសាទរពិធីបើកការដ្ឋាននេះដែរ នៅតាមមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង៩ក្នុងខេត្ត តាមបណ្តាឃុំ-សង្កាត់ និងនៅតាមវត្តអារាម វិហារសាសនានានា នៅទូទាំងខេត្តកំពត បានចូលរួមអបអរសាទរយ៉ាងខ្លៀវខ្លាដោយនៅតាមមូលដ្ឋាននីមួយៗបានវាយជួង គួសរគាំង ទូងស្គរ បន្លឺសំឡេងដើម្បីចូលរួមអបអរសាទរនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅវេលាម៉ោង៩ និង៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។គម្រោង “ព្រែកជីកហ្វូណនតេជោ” គឺជាគម្រោងមួយដ៏ធំមហិមា និងមានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់។ ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះ ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងគម្រោងផ្លូវនាវាចរណ៍ ត្រូវបានចាត់ទុកជាអាទិភាពគន្លឹះមួយក្នុងចំណោមវិស័យសំខាន់ៗជាច្រើនទៀត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ។
សូមជម្រាបថា «ព្រែកជីកហ្វូណនតេជោ» បានបើកការដ្ឋានសាងសង់ជាផ្លូវការនាព្រឹកថ្ងៃទី ៥ខែសីហា ឆ្នំា ២០២៤នេះ វេលា ម៉ោង ៩៖០៩នាទី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គម្រោងនេះមានប្រវែង ១៨០គីឡូម៉ែត្រ (ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប។ គម្រោងដ៏មានសំខាន់នេះ គ្រោងចាយទុនប្រមាណ ១.៧០០លានដុល្លារអាមេរិក ដែលក្នុងនោះភាគហ៊ុនវិនិយោគភាគច្រើនត្រូវបានកាន់កាប់ដោយក្រុមហ៊ុនក្នុងស្រុក៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments