Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

បណ្ណកម្មសិទ្ធជាង ៤ពាន់បណ្ណត្រូវបានបន្តចែកជូនពលរដ្ឋក្នុងស្រុកចំនួន៣ នៃខេត្តកំពត

នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបន្តចុះចែកវិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធ) ចំនួន ៤,៣៥២បណ្ណ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកចំនួន៣ រួមមានស្រុកបន្ទាយមាស ស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច ដែលពិធីនេះធ្វើឡើងនៅសាលាស្រុកបន្ទាយមាស ខេត្តកំពត។ មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្តបានលើកឡើងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបច្ចុប្បន្នមានការយកចិត្តទុកដាក់ខ្ពស់លើកំណែទម្រងវិស័យដីធ្លី ពិសេសបានជំរុញ និងដាក់ចេញនូវគោលការណ៍សំខាន់ៗដល់អាជ្ញាធររាជធានី-ខេត្ត ដើម្បីពន្លឿនការចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់រហ័សបំផុត ដើម្បីឱ្យពួកគាត់បានយកទៅប្រើប្រាស់ ក៏ដូចជាទាញផលប្រយោជន៍ពីវិស័យដីធ្លីនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្នអោយនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ចូលរួមផ្សព្វផ្សាយនូវទិដ្ឋភាពនៃការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ក្រោមម្លប់នៃសុខសន្តិភាពទៅកាន់ពិភពលោកតាមមធ្យោបាយនានាដែលអាចធ្វើបាន រួមគ្នាផ្សព្វផ្សាយពីផលប្រយោជន៍នៃគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលមានគម្រោមព្រែកជីកហ្វូណនតេជោ និងចូលរួមគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា សម្រាប់ការចែកបណ្ណក្នុងថ្ងៃនេះមានចំនួន ៣ស្រុក ដែលស្មើនឹង ៤,៣៥២បណ្ណ ក្នុងនោះ៖ ស្រុកបន្ទាយមាស ភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច មានចំនួន ១,៩៩០បណ្ណ បូករួមជាមួយបណ្ណដែលនៅសេសសល់តិចតួចតាមភូមិចំនួន ១៨ភូមិ និងបណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ២,៧៧៣បណ្ណ, ស្រុកអង្គរជ័យ មានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ៤៥ភូមិ និងបណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ៦៥៩បណ្ណ, ស្រុកកំពង់ត្រាច មានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ៤២ភូមិ និងបណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ៩២០បណ្ណ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments