នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ សមាគមកាយឬទ្ធិនារីកម្ពុជា សាខាខេត្តកំពត បានរៀបចំសមាជិកាសកម្មចំនួន ៤០នាក់ ដើម្បីទៅរៀនពីរបៀបធ្វើនំបំពង់ខ្មែរ នៅដំណាក់ត្រាចរីសត ដែលមានទីតាំងនៅភូមិទួល ឃុំល្បើក ស្រុកឈូក ខេត្តកំពត។ ក្នុងឱកាសនោះ លោកស្រី គង់ ទិត្យធិតា អនុប្រធានក្រុមប្រឹក្សាសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានលើកឡើងថា សមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត ដែលមានលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និន ជាប្រធានក្រុមប្រឹក្សាសមាគម លោកជំទាវតែងតែអនុវត្តតាមការណែនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា ជាក់ស្តែងដូចក្នុងពេលនេះ លោកជំទាវប្រធានសមាគម និងថ្នាក់ដឹកនាំសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានដឹកនាំក្មួយៗសមាជិកាសកម្មចំនួន ៤០នាក់ ឱ្យរៀនរៀបធ្វើនំបំពង់ខ្មែរ ក្នុងគោលបំណង់ ដើម្បីថែរក្សាកេរដំណែលនំខ្មែរ កុំឱ្យមានការបាត់បង់ និងដើម្បីបង្កើនបំណិនក្នុងការធ្វើនំ ក៏ដូចឆ្លើយតបទៅនឹងគម្រោងប្រពៃណី វប្បធម៌ សីល្បះ និងហត្ថកម្មរបស់សមគមផងដែរ។ ជាមួយគ្នានេះដែរ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើ និងណែនាំដល់ក្មួយៗដែលជាសមាជិកាសកម្មទាំងអស់ ត្រូវយកចិត្តទុកដាក់ ដើម្បីរៀនធ្វើនំបំពង់ឱ្យចេះ និងមានរសជាតិឈ្ងុយឆ្ងាញ់ដូចអ្នកជំនាញ។
លោកស្រី គង់ ទិត្យធិតា អនុប្រធានក្រុមប្រឹក្សាសមាគមកាយឬទ្ធិនារីកម្ពុជា សាខាខេត្តកំពត បានបន្តថា ជានិច្ចជាកាល លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត តែងតែបានដឹកនាំសមាជិកាសកម្មរៀនធ្វើនំខ្មែរជាច្រើនលើកមកហើយ ហើយក្រុមសមាជិកាសកម្មមានការពេញចិត្តយ៉ាងខ្លាំងក្នុងការចូលរួម ព្រោះការធ្វើនំខ្មែរនេះ គឺដើម្បីបានរួមចំណែកថែរក្សាកេរដំណែលនំខ្មែរតពីដូនតាផង និងបានចេះធ្វើនំហូបសម្រាប់ខ្លួនឯងផង និងគ្រួសារផង។សូមបញ្ជាក់ថា ចក្ខុវិស័យរបស់សមាគមកាយឬទ្ធិនារីកម្ពុជា គឺដើម្បីខិតខំរួមគ្នាពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពកុមារី និងយុវតីកម្ពុជា ឱ្យក្លាយជាពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ តាមរយៈការជួយបណ្តុះបណ្តាល ការផ្តល់ឱកាសឱ្យចូលរួមក្នុងការងារសង្គម ការប្រជុំ ការបោះជំរុំ ការចូលរួមពិធីបុណ្យជាតិ និងព្រឹត្តិការណ៍ធំៗទាំងក្នុង និងក្រៅប្រទេសជាដើម៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments