នៅសល់ពេលមិនយូរប៉ុន្មាននោះទេ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងព្រែកជីកប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជានិងត្រូវចាប់ផ្តើម។ ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងខេត្តកំពតបានយល់យ៉ាងច្បាស់ពីអត្ថប្រយោជន៍នៃព្រែកជីនេះ ដែលត្រូវបានឆ្លងកាត់ស្រុកចំនួន៣ក្នុងខេត្ត ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីអបអរសាទរ និងគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោនេះ។
ប្រមុខរាជរដ្ឋាភិបាលបានប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ និងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដែលបានធ្វើឱ្យពលរដ្ឋទូទាំងប្រទេស មានអារម្មណ៍រំភើបរីករាយជាពន់ពេក ដោយសារជឿជាក់ថាព្រែកជីហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា នឹងផ្តល់ប្រយោជន៍មហាសាលដល់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល។ ដោយឡែកនៅខេត្តកំពតឯនេះវិញ គណៈសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ កីឡាករ កសិករ និងយុវជន ក៏បានបង្ហាញនូវគោលជំហរគាំទ្រ និងទន្ទឹងរង់ចាំចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានមកដល់ផងដែរ។ ការបង្ហាញគោលជំហរគាំទ្រចំពោះការជីកព្រែកហ្វូណនតេជោនេះ ដោយសារ គណៈសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ កីឡាករ កសិករ និងយុវជន នៅទូទាំងខេត្តកំពតបានយល់ដឹងយ៉ាងច្បាស់អំពីអត្ថប្រយោជន៍ និងផលប្រយោជន៍ពីព្រែកជីកនេះផ្តល់ឱ្យប្រជាពលរដ្ឋក្នុងខេត្ត និងប្រទេសកម្ពុជា។ព្រសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត បានបង្ហាញទឹកចិត្តសប្បាយរីករាយ និងមានមោទកភាព ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនាពេលដ៏ខ្លីខាងមុខនេះ ដែលការបើកការដ្ឋានសាងសង់ព្រែកជីកនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រទេសកម្ពុជា សម្រាប់បង្កើនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើនឈានទៅសម្រេចតាមចក្ខុវិស័យរបស់កម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍យ៉ាងពិតបា្រកដ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខត្រូវបានឆ្លងកាត់ស្រុកចំនួន៣ ក្នុងខេត្តកំពត ក្នុងនោះរួមមាន ស្រុកអង្គរជ័យ ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច។ ប្រជាពលរដ្ឋដែលរស់នៅតាមតម្រាយនៃព្រែកជីកក្នុងស្រុកចំនួន៣នេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការ ជាមួយមន្ត្រីជំនាញ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីឱ្យការជីកព្រែកប្រវត្តិសាស្ត្រមួយនេះ ដំណើរការទៅដោយរលូន និងមិនឱ្យមានការរាំងស្ទះនោះឡើយ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments