ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងថា ក្រុមជ្រុលនិយមគេតែងប្រឆាំងរាល់សកម្មភាពរបស់រាជរដ្ឋាភិបាលមិនឱ្យអភិវឌ្ឍន៍ប្រទេស និងជួយលើកកម្ពស់សុខភាព ជីវភាពប្រជាពលរដ្ឋឱ្យប្រសើរនោះទេ។ ដូច្នេះក្នុងនាមជាពលរដ្ឋម្ចាស់ប្រទេស សិស្សានុសិស្ស យុវជនជំនាន់ក្រោយ សូមរួមសាមគ្គីគ្នា ជួយគ្នា ពិសេសគ្រាមានអសន្ន ហើយបោះបង់វប្បធម៌ជាន់ពន្លិចគ្នាឯង ដើម្បីជួយឱ្យកម្ពុជាអាចបន្តអភិវឌ្ឍរីកចម្រើនទៅមុខ។
ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នងពីរជាន់ ស្មើ ១០បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្នារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនសាលាបឋមសិក្សា ហ៊ុន សែន វត្តត្រើយកោះ និងសម្ភោធសមិទ្ធផលនានាក្នុងវត្តត្រើយកោះ ក្រុងកំពត នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកម្ម ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានមានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន បន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺតែងតែចាត់ទុកប្រជាពលរដ្ឋជាកែវភ្នែក ជាបេះដូង ជាម្ចាស់ប្រទេស ហើយប្រមុខរាជរដ្ឋាភិបាលតែងតែខំប្រឹងប្រែងលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុនៃការអភិវឌ្ឍន៍ប្រទេស និងជួយសង្គ្រោះប្រជាជន ខណៈដែលក្រុមអ្នកជ្រុលនិយមតែងតែប្រឆាំងរារាំងមិនចង់ឱ្យប្រជាពលរដ្ឋ និងប្រទេសកម្ពុជាមានភាពរីកមច្រើននោះឡើយ ជាក់ស្តែងដូចកាលពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ពួកគេបានស្រែកអំពាវនាវមិនឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំង ហើយបច្ចុប្បន្នកម្ពុជាមានគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ ក៏ពួកគេនៅតែស្រែកប្រឆាំងមិនឱ្យជីកទៀត។
ឯកឧត្តមបានបន្តថា ក្រុមជ្រុលនិយមទាំងនោះចាំតែប្រឆាំងនឹងភាពរីកចម្រើនរបស់កម្ពុជានោះទេ ដូច្នេះក្នុងនាមពលរដ្ឋម្ចាស់ប្រទេស សិស្សានុសិស្ស យុវជនខ្មែរជំនាន់ក្រោយ ត្រូវមានស្មារតីសាមគ្គីគ្នា ចេះជួយគ្នា លើកទឹកចិត្តគ្នា ក្នុងគ្រាលំបាក ឬពេលមានអាសន្ន ហើយបោះបង់ចោលនូវវប្បធម៌ជាន់ពន្លិចគ្នាឯង តួរយ៉ាងដូចរឿងភ្ញៀវទេសចរខេត្តសៀមរាបធ្លាក់ចុះ គឺមានការរិះគន់ជាន់ពន្លិចគ្នា បន្តុះបង្អាប់គ្នា តាំងពីអាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ រហូតដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទាំងដែលយើងទាំងអស់គ្នាកំពុងតែស្ថិតនៅលើនាវាកម្ពុជាតែមួយ។ ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានស្នើដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន ឱ្យចូលរួម និងជួយធ្វើជាកញ្ចក់ជូនរាជរដ្ឋាភិបាល អាជ្ញាធរ សមត្ថិកិច្ចជំនាញ ក្នុងការបង្ការទប់ស្កាត់ ការបើកល្បែងស៊ីសង់គ្រប់ប្រភេទ ពិសេសប្រឆាំងដាច់ខាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងចាត់ទុកថា គ្រឿងញៀនគឺជាខ្មាំង។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានថ្លែងកោតសរសើរ និងគាំទ្រចំពោះយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធរបស់តុលារស់រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន និងបានជំរុញឱ្យអាជ្ញធរគ្រប់លំដាប់ថ្នាក់ អនុវត្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា ដោយយកតាមគំរូរបស់ឯកឧត្តម ម៉ៅ ធនិន ព្រោះបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលចង់បាន “មន្ត្រីបម្រើរាស្ត្រ” យកចិត្ត យកថ្លើម យកបញ្ហារាស្ត្រ ធ្វើជាការងារសំខាន់របស់ខ្លួន ហើយការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏ជាកម្មវិធីគោលនយោបាយសំខាន់មួយសម្រាប់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន បន្តរហូតដល់អាណត្តិទី៧ថ្មីនេះ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments