ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកឈូក នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកឈូក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនក្នុងមូលដ្ឋានជាកត្តាចាំបាច់សម្រាប់និរន្តរភាពសង្គមជាតិ។ ផ្អែកលើខ្លឹមសារនេះហើយ ទើបរាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្តោតការយកចិត្តទុកដាក់ជាចម្បងលើគុណភាពដឹកនាំ តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ពោលគឺគ្រប់ថ្នាក់ដឹកនាំចាំបាច់ត្រូវតែមានសមត្ថភាពពេញលេញ និងមានឆន្ទ:ពិតប្រាកដក្នុងការបម្រើជាតិដើម្បីជាទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ធ្វើជាអ្នកដឹកនាំត្រូវចងចាំថា រាជរដ្ឋាភិបាលបានផ្តល់តួនាទីជាថ្នាក់ដឹកនាំដល់មន្ត្រីណាម្នាក់ហើយ មន្ត្រីនោះត្រូវយកតួនាទីដើម្បីបម្រើប្រជាពលរដ្ឋ បំរើជាតិ មិនមែនពេលបានតួនាទីមានអំណាចហើយ យកអំណាចទៅគាបសង្កត់ ឬបំពានលើប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញគឺត្រូវយកសមត្ថភាព និងលទ្ធភាពទៅបម្រើរាស្ត្រដោយស្មោះសរបំផុត។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា ក្នុងនាមជាថ្នាក់ដឹកនាំមួយរូបត្រូវយល់ថា តួនាទីគឺជាអម្រែក ខាងមុខរែករាស្ត្រ ខាងក្រោយរែកច្បាប់ ត្រូវស្គាល់ពីទុក្ខលំបាក និងតម្រូវការរបស់ប្រជាពលរដ្ឋជាធំ នៅពេលពលរដ្ឋមានបញ្ហាអ្វីមួយ គឺត្រូវទាញច្បាប់មកមើល ហើយត្រូវដោះស្រាយ និយាយរួម អ្នកកាន់អំណាចដឹកនាំត្រូវចេះប្រើទាំងវិធីត្រជាក់ និងវិធានក្តៅតាមស្ថានភាពជាក់ស្តែង។យោងតាមអនុក្រឹត្យលេខ ៦៥៤អនក្រ.តត ស្តីពីការតែងតាំងមន្ត្រីរាជការ ត្រូវបានតែងតាំងលោក សៅ មឿន ឋានន្តរសក្ដិវរមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកឈូក ខេត្តកំពត ជំនួសលោក នាក់ សុវណ្ណារី អភិបាលស្រុកចាស់ ដែលត្រូវបានទទួលតំណែងជាសមាជិកក្រុមប្រឹក្សាខេត្តកំពត៕
0 Comments