Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជំនាញថាកត្តាអាកាសធាតុមិនធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ខេត្តកំពតឡើយ

មន្ត្រីជំនាញបានបញ្ជាក់ថា ខេត្តកំពតមានភ្លៀងធ្លាក់ និងអាកាសធាតុអាប់អួរ ស្ទើរមួយខែមកហើយ រហូតនៅរសៀលថ្ងៃទី២៧ ខែកក្តដា មានការបើទ្វាររំដោះទឹកចេញពីអាងទំនប់វារីអគ្គីសនីកំចាយ  ប៉ុន្តែស្ថានភាពភ្ញៀវ និងសកម្មភាពផ្តល់សេវាទេសចរណ៍នៅក្នុងខេត្ត នៅតែមានដំណើរការល្អដដែល គ្មានការប៉ះពាល់ទេ ខណៈដែលសមត្ថកិច្ចសម្រួលចរាចរណ៍នៅតំបន់ត្រីសេះសមុទ្រ នៅតែមានភាពមមាញឹកដដែល។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ខេត្តកំពតមានអាកាសធាតុ អាប់អួរ និងមានភ្លៀងធ្លាក់ជាអន្លឺៗ ម្តងតិចម្តងច្រើន ជិតមួយខែទៅហើយ  រហូតមានការបើកទ្វារទឹកទំនប់វារីអគ្គីសនីកំចាយ ប៉ុន្តែគិតត្រឹមថ្ងៃអាទិត្យ ទី២៨ ខែកក្កដា  កត្តាអាកាសធាតុមិនបង្កឲ្យប៉ះពាល់ ដល់វិស័យទេសចរណ៍ឡើយ ពិសេសចំនួនភ្ញៀវស្ថិតនៅក្នុងរង្វល់ ជាង៥ម៉ឺននាក់ ក្នុង១សប្តាហ៍ដដែល។

លោក វរៈសេនីយ៍ឯក លឹម លីន នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានប្រាប់ឲ្យដឹងថា ទោះបីអាកាសធាតុមិសូវអំណោយផល ប៉ុន្តែភ្ញៀវទេសចរនៅតែបន្តមកលេងខេត្តកំពតច្រើនកុះករដដែល  ពិសេសនៅរូបសំណាកត្រីសេះសមុទ្របាញ់ទឹក។ ហើយកម្លាំងរបស់លោក ចំនួន៥នាក់បាននៅប្រចាំការទីនេះ ដើម្បីជួយសម្រួលសណ្តាប់ធ្នាប់ជាប្រចាំ មិនថាមេឃភ្លៀង ឬរាំងនោះទេ។

ចំណែកភ្ញៀវទេសចរបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងថាកត្តាអាកាសធាតុមិនបានប៉ះពាល់ដល់ដំណើរកម្សាន្តរបស់ពួកគាត់ឡើយ  ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អ ងាយស្រួលធ្វើដំណើរ ពិសេសពួកគាត់ចង់ឃើញបរិយាកាស និងទេសភាពកន្លែងស្អាតៗរបស់ខេត្តកំពត នៅក្នុងរដូវវស្សានេះ។

យ៉ាងណាក៏ដោយមន្ត្រីជំនាញបានអំពាវនាវដល់ ភ្ញៀវទេសចរ និងម្ចាស់អាជីវកម្មពាក់ព័ន្ធការផ្តល់សេវាទេសចរណ៍នៅតាមដងព្រែកកំពតទាំងអស់ ចាប់ពីរមណីយដ្ឋានទឹកឈូ រហូតមកដល់ក្រុងខេត្តកំពត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីរក្សាសវត្ថិភាព ពិសេសសកម្មភាពលេងកីឡាលើទឹក៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


















Post a Comment

0 Comments